កាណាដា បញ្ឈប់​ទូត​ប្រចាំ​នៅ​ប្រទេស​ចិន ​ពាក់ព័ន្ធ​នឹង​ករណី​ Huawei

  • 2019-01-28 04:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា Justin Trudeau បាន​ដក​តំណែង​លោក John McCallum ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​ប្រទេស​ចិន ជុំវិញ​ករណី​របស់​លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ចិន Huawei ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ BBC កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩​។

លោក Justin Trudeau និង លោក John McCallum (រូបថត៖ Reuters)
ការ​ដក​តំណែង​នេះ ត្រូវ​បាន​សម្រេច​បន្ទាប់ពី​លោក John McCallum បាន​បង្ក​ភាព​តានតឹង​បន្ថែម ដោយ​លោក​បាន​លើក​ឡើង​ពី​ការ​ធ្វើ​បត្យាប័ន​លោកស្រី Meng ដែល​ត្រូវ​បាន​ស្នើ​ដោយ​សហរដ្ឋអាមេរិក នា​ពេល​កន្លង​ទៅ​។ លោក McCallum បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា វា​ជា​រឿង​ល្អ​បំផុត សម្រាប់​កាណាដា ប្រសិនបើ​អាមេរិក បោះបង់​ចោល​ការ​ស្នើ​ធ្វើ​បត្យាប័ន​មន្ត្រី​ជាន់​ខ្ពស់​របស់ Huwei រូប​នេះ​។

លោក​នាយករដ្ឋមន្ត្រី​កាណាដា បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក​បាន​ស្នើ​ឲ្យ​លោក McCallum ចុះចេញ​ពី​តំណែង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​នៅ​ប្រទេស​ចិន ដោយ​លោក​មិន​បាន​ផ្ដល់​មូល​ហេតុ​ណា​មួយ​ឡើយ​។

រូប៖ AP

លោក McCallum ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​។ លោក​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់ ២០០៣ ផង​ដែរ​។

សូម​ជម្រាប​ថា ការ​ស្នើ​ធ្វើ​បត្យាប័ន​លោកស្រី Meng ដោយ​សហរដ្ឋ​អាមេរិក បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុង​ប៉េកាំង និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កាណាដា ជាមួយ​ចិន កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត​៕

អត្ថបទទាក់ទង

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;