អាមេរិក អំពាវនាវ​ឱ្យ​កម្ពុជា ប្រកាន់​ខ្ជាប់​នយោបាយ​ការបរទេស​ឯករាជ្យ ដើម្បី​អនាគត​ប្រជាជន​ខ្មែរ

  • 2019-02-01 02:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេស​ឯករាជ្យ អធិបតេយ្យភាព និង​ប្រកបដោយ​តុល្យភាព ដែល​រក្សា​បាន​នូវ​អនាគតរ​បស់​ប្រទេស សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​អាមេរិក ចំពោះ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ ៧​មករា ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩។

ស្ថាន​ទូត​អាមេរិក បាន​អះអាង​ថា ក្រុមខ្មែរ​ក្រហម​បាន​ពឹងផ្អែក​យ៉ាង​ងប់ងល់​ទៅលើ​មហា​អំណាច​ធំមួយ ដែលមាន​ផល​ប្រយោជន៍​ខុស​ពីផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា។

បុរសម្នាក់ដើរកាត់មុខស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត៖ Reuters
ក្នុង​សេចក្តីថ្លែងការណ៍​នេះ បាន​លើកឡើង​ថា នៅថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​ត្រូវបាន​រំដោះចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ហើយ​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​ទៅរក​អនាគត​មួយ​ដែល​ភ្លឺស្វាង និង​ប្រកបដោយ​ក្តីសង្ឃឹម។

ជាមួយគ្នានោះ ស្ថានទូត​អាមេរិក ក៏​បាន​ឧទ្ទិស​ដល់​ជីវិត​ប្រជាជន​កម្ពុជា ជាង២លាន​នាក់ ដែលបាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរ​ក្រហម និង​ប្រជាជន ដែល​រស់រាន​មាន​ជីវិត​ពី​របប​នេះ ប្រមាណ​៥លាន​នាក់ ដែល​ទទួល​រងការ​ឈឺចាប់​ទាំងផ្លូវកាយ និង​ផ្លូវចិត្ត។

ក្រោយការ​ចេញ​សេចក្តី​ថ្លែងការណ៍​ខាងលើ​នេះ ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៩ បាន​បង្ហាញ​ការ​ស្វាគមន៍ និង​បាន​ប្រកាស​ពីកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា រួម​នឹង​កិច្ចថែរក្សាប្រជាជាតិ​នេះ មិន​ឱ្យ​ស្ថិតក្រោមអាណានិគម​ប្រទេស​ណាមួយ ឬភូមិសាស្រ្ត​នយោបាយ​នៃ​ផល​ប្រយោជន៍​របស់​មហាអំណាច​ណាមួយ​ឡើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ថ្លែងនាពេលកន្លងមក

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​ថា កម្ពុជា ស្វាគមន៍​រាល់​ប្រទេស​មហាអំណាច​ និង​ប្រទេស​ជាមិត្ត​ទាំងអស់ ទោះ​ប្រទេសនោះ ស្ថិតនៅក្នុងភាព​គ្រប់គ្រង ឬប្រព័ន្ធ​នយោបាយ​ណាមួយ​ក៏ដោយ។

ទន្ទឹម​នឹងនេះ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជាមិត្ត​ទាំងអស់ ចៀសវាង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;