Airbus ប្រកាសឈប់ផលិតយន្តហោះខ្នាតធំជាងគេនៅលើលោកហើយ
- 2019-02-14 08:00:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Airbus ប្រកាសឈប់ផលិតយន្តហោះខ្នាតធំជាងគេនៅលើលោកហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Airbus នៅអឺរ៉ុប បានប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ខ្លួននឹងបញ្ឈប់ការផលិតយន្តហោះដឹកអ្នកដំណើរខ្នាតយក្ស A380 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរធំបំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ន ដោយសារតែមិនមានការកុម្ម៉ង់ទិញពីក្រុមហ៊ុនអាកាសចរណ៍នានា។
Airbus បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនយន្តហោះ A380 ចុងក្រោយបំផុត ទៅឲ្យអ្នកទិញរបស់ខ្លួន នៅក្នុងឆ្នាំ២០២១។\
ការប្រកាសរបស់ Airbus ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅក្រុងឌូបៃ បានប្រកាសកាត់បន្ថយការជាវយន្តហោះ A380 ពី ១៦២គ្រឿង មកត្រឹម ១២៣គ្រឿងវិញ។ Emirates ជាអតិថិជនធំបំផុតរបស់ Airbus ដែលបានជាវយន្តហោះ A380 ដែលអាចផ្ទុកអ្នកដំណើរច្រើនបំផុត បើធៀបទៅនឹងយន្តហោះដឹកអ្នកដំណើរផ្សេងៗទៀត ដោយក្នុងមួយគ្រឿង អាចដាក់អ្នកដំណើរបានចន្លោះពី ៥០០ ទៅ ៨៥០ នាក់ (តួយន្តហោះ មាន ២ជាន់)។
ក្រុមហ៊ុន Airbus នឹងផលិតប្រភេទ A380 នេះ ចំនួន ១៧គ្រឿងចុងក្រោយ ក្នុងនោះ ក្រុមហ៊ុន Emirates យក ១៤គ្រឿង និងក្រុមហ៊ុនជប៉ុន ANA យក ៣គ្រឿង។ បច្ចុប្បន្ន Emirates បានងាកមកចាប់អារម្មណ៍លើយន្តហោះប្រភេទ A330-900neo និង A350-900 ដោយបានធ្វើការកុម្ម៉ង់រួចរាល់ចំនួន ៧០គ្រឿង។
សូមជម្រាបថា បច្ចុប្បន្ន ដៃគូប្រកួតប្រជែងរបស់ A380 គឺយន្តហោះដឹកអ្នកដំណើរ 747 របស់ក្រុមហ៊ុន Boeing ដែលមានសមត្ថភាពអាចផ្ទុកបានជាង ៤៥០នាក់៕