ដំណាំ​ស្វាយចន្ទី ​ផ្តល់​ទិន្នផល​ល្អ​ប្រសើរ​ តែ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន

  • 2019-02-26 03:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណាំ​ស្វាយចន្ទី​ដែល​ប្រជាកសិករ​ខេត្ត​កំពង់ចាម ​បាន​ដាំ​ដុះ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​ ២​ម៉ឺន​ហិកតា​នោះ បាន​ចាប់​ប្រមូល​ផល​ជា​គ្រាប់​បណ្តើរ​ៗ​ គឺ​បង្ហាញ​ទិន្នផល​ប្រសើរ​ជាង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​តម្លៃ​លក់​ចេញ​មួយ​គីឡូក្រាម​ ទាប​ជាង​កាលពី​ឆ្នាំមុន​រាប់ពាន់​រៀល​ បើ​ប្រៀបធៀប​រយ​:​ពេល​នៃ​ការ​ផ្តល់​ផល​លើកដំបូង​ដូច​គ្នា​នេះ​។

លោក ស៊ឹម វីរៈ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នេះ​ថា​ ពេលនេះ​កសិករ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ស្វាយចន្ទី បាន​ប្រមូល​ផល​ជាទូទៅ​ពី​ ២​សប្តាហ៍ ទៅ​មួយ​ខែ​ហើយ​។ ​ទិន្នផល​លើកដំបូង​នេះ​ ហាក់​ប្រសើរ​ជាង​ឆ្នាំមុន​២០១៨​ គឺ​ដោយ​កត្តា​អាកាស​គ្មាន​ទឹកភ្លៀង​ធ្លាក់​ចំ​ពេល​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ ចេញ​ផ្កា និង​ចេញ​ក្ដឹប​នោះ​។

ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម បន្ត​ថា តែ​ប៉ះចំ​អាកាសធាតុ​ក្ដៅ​ជ្រុល​ជាង​សព្វ​ថ្ងៃ ដំណាំ​នេះ​ក៏​ធ្លាក់​ចុះ​ទិន្នផល​ដែរ​។ បញ្ហា​តម្លៃ​គ្រាប់ស្វាយចន្ទី​ដល់​លើកដំបូង​នេះ ​បាន​ធ្លាក់​ចុះ​តម្លៃ​ច្រើន ​បើ​បៀ​ប​ទៅ​ឆ្នាំមុន​គឺ​សម្រាប់​តម្លៃ​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ មួយ​គីឡូក្រាម​គ្រាប់ស្វាយចន្ទី​ទើប​ហើយ​ថ្មីៗ​ តម្លៃ​ ៥៨០០​រៀល​ ហើយ​គ្រាប់​ដែល​ហាល​កម្តៅ​ថ្ងៃ​ស្ងួត​តម្លៃ ៦៨០០ រៀល​។ តម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅ​កាលពី​ឆ្នាំមុន​ប្រមូល​លើកដំបូង​ដែរ គឺ​ខុសគ្នា​ពី ៣០០០ ទៅ​ជិត ៤០០០ រៀល​។

លោក វីរ​: បាន​បន្ត​ថា សម្រាប់​តួលេខ​ចម្ការ​ស្វាយចន្ទី​ក្នុង​ខេត្ត​កំពង់ចាម​ឆ្នាំ​២០១៨ ទាំង​កំពុង​ប្រមូល​ផល និង​ទើបបាន​ដាំ​ដុះ​ហើយ​ សរុប​ចំនួន​ ២៤៣៦៤​ហិក​តា​។ ក្នុង​នោះ​ស្រុក​ដែល​មាន​ដំណាំ​ស្វាយចន្ទី​ច្រើន​ជាងគេ​មាន​ស្រុក​ស្ទឹងត្រង់​ ស្រុក​ចម្ការលើ​ ស្រុក​ជើងព្រៃ​ ស្រុក​កំពង់សៀម​ ស្រុក​បាធាយ​ គឺ​លើកលែងតែ​ក្រុង​កំពង់ចាម​មួយ​ប៉ុណ្ណោះ​គ្មាន​ចម្ការ​ស្វាយចន្ទី​។

លោក នួន វាសនា ម្ចាស់​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ​បាន​បញ្ជាក់​ថា ចម្ការ​ស្វាយចន្ទី​របស់​គ្រួសារ​លោក​មាន​ទំហំ​ជិត​ ២​ហិកតា​ មាន​អាយុ​៦​ឆ្នាំ ​គឺ​ចំនួន ២​ថ្ងៃ​បេះ​ប្រមូល​ផល​ម្តង​ បាន​ពី ​៦០០​ទៅ​ ៧០០​គី​ឡូ​ក្រាម​។​ ការ​ប្រមូល​ផល ​បាន​ជាង​មួយ​ខែ​នេះ ​គឺ​បាន​បង្ហាញ​ពី​ទិន្នផល​ស្វាយចន្ទី​ឆ្នាំនេះ ​មាន​ផ្លែ​ច្រើន​ជាង​ឆ្នាំ​២០១៨​ គឺ​អាច​ច្រើនជាង​ពី​ ១ ​ទៅ​ ២​តោន​បើសិនជា​អាកាសធាតុ​នៅតែ​បន្ត​អំណោយផល​ដូច​ពេល​កន្លង​ទៅ​នេះ​។

ម្ចាស់​ចម្ការ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​តម្លៃ​លក់​ចេញ​សព្វថ្ងៃ​ដែល​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​មួយ​គីឡូក្រាម​ពី ៥១០០ ទៅ ៥៥០០ រៀល​។ តម្លៃ​នេះ​ធ្លាក់​ចុះ​ជាង​កាលពី​ដល់​លើកដំបូង​ពី ១០០០ ទៅ ២០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​តម្លៃ​នេះ ​រឹតតែ​ទាប​ជាង​កាលពី​ឆ្នាំ​២០១៨ ពី​ជាង​ ៣០០០ ទៅ​ជាង ៤០០០ រៀល​៕

រូបថត៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;