ត្រាំ ដេញ​តំណាង​ស្ថាប័ន​សារ​ព័ត៌មាន​ធំ​ៗ​ ៤ ចេញ​ពី​ជំនួប​មួយ​ នៅ​ហាណូយ

  • 2019-02-28 04:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បណ្ដេញ​​អ្នក​សារព័ត៌មាន មក​ពី​ស្ថាប័ន​ធំ​ៗ​ចំនួន ៤ ដែល​ចូល​យក​ព័ត៌មាន​ក្នុង​ជំនួប ត្រាំ-គីម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ស្ថាប័ន​ទាំង៤ រួមមាន៖ Reuters, Associated Press, Bloomberg និង Los Angeles Times ។

ការ​បណ្ដេញ​ចេញ​​នេះ គឺ​បន្ទាប់ពី​អ្នក​សារព័ត៌មាន ២​នាក់ នៃ​ស្ថាប័ន​ទាំង​៤ បាន​សួរ​សំណួរ អំឡុង​ការ​ចាប់ផ្ដើម​សន្ទនា​រវាង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ក្នុង​អំឡុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច កាល​ពី​ថ្ងៃ​ទី​២៧​កុម្ភៈ។

អ្នក​សារព័ត៌មាន បាន​សួរ​ជុំវិញ​បញ្ហា​កិច្ច​ប្រជុំ​កំពូល​នេះ និង​បញ្ហា​​អតីត​មេធាវី​របស់​លោក​ត្រាំ ឈ្មោះ Michael Cohen ​។

សារព័ត៌មាន Reuters បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បណ្ដេញ​អ្នកសារព័ត៌មាន​របស់​ខ្លួន ព្រមទាំង​អ្នកសារព័ត៌មាន​របស់​ស្ថាប័ន​ដទៃ​ទៀត។ ចំណែក សារព័ត៌មាន Associated Press បាន​ធ្វើការ​ប្រឆាំង​នឹង​សេតវិមាន ក្នុង​ការ​ព្យាយាម​រារាំង​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ពី​ប្រធានាធិបតី។ រីឯ សារព័ត៌មាន Los Angeles Times ហៅ​ការបណ្ដេញ​នេះ​ថា ជា​ឧទាហរណ៍​ដ៏​គួរ​ឲ្យ​សោកសៅ​មួយ​ទៀត ដែល​កើត​ចេញ​ពី​បរាជ័យ​របស់​សេតវិមាន​ ក្នុង​ការ​គោរព​សិទ្ធិ​សាធារណៈ​របស់​ជនជាតិ​អាមេរិក ដើម្បី​​ទទួល​បាន​ព័ត៌មាន​នៃ​សកម្មភាព​របស់​ប្រធានាធិបតី​ខ្លួន​៕

អត្ថបទទាក់ទង ដូណាល់ ត្រាំ-គីម ជុងអ៊ុន និយាយ​គ្នា​អ្វីខ្លះ​កាលពី​យប់មិញ?

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;