នាយករដ្ឋ​មន្រ្ដី​ ព្រមានដកតំណែង​មេប៉េអឹមខេត្តក្រចេះ ប្រសិន​បើ​ហ៊ាន​​ការពារ​កូន

  • 2019-03-25 03:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយព្រះរាជអាជ្ញាខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យកូនប្រុសមេប៉េអឹមខេត្តក្រចេះ ចូលខ្លួនមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្នុងករណីវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ សម្ដេចនាយករដ្ឋ​មន្រ្ដី ហ៊ុន សែន បានផ្ដាំផ្ញើទៅមេប៉េអឹមខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូន ឲ្យ​ចូល​ខ្លួន​បំភ្លឺ តាមការ​កោះហៅ​របស់​ព្រះរាជអាជ្ញា បើសិនមិនចង់អស់តំណែង។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំផ្ដាំទៅមេប៉េអឹមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូន ឲ្យមកតាមការកោះហៅ ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ។ ប៉ុន្ដែបើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិ បណ្ដេញ​ចោលតែប៉ុណ្ណឹង”។

សម្ដេចហ៊ុន សែន ថ្លែង​ក្នុង​ពិធី​មួយ នាពេល​កន្លងមក
សូមបញ្ជាក់ថា កាលពី​ពេលថ្មីនេះ មន្រ្តីអាវុធហត្ថឈ្មោះ សាន្ត សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម នាំឲ្យកក្រើកពាសពេញបណ្តាញសង្គម Facebook។ វីដេអូ ៤ឃ្លីប ដែលមានរយៈពេលជាង ២នាទី ត្រូវបានបង្ហោះនៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនា បានបង្ហាញពីមន្រ្តីអាវុធហត្ថរូបនេះ បានវាយ និងដកកាំភ្លើងភ្ជង់ ទៅលើមិត្តភក្តិរបស់ខ្លួន។

សម្ដេចនាយករដ្ឋមន្រ្តី បានចោទសួរមេប៉េអឹមខេត្តក្រចេះថា៖ "តើកូនរបស់លោកបានកាំភ្លើងមកពីណា? តើវាមានសិទ្ធិកាន់កាំភ្លើងទេ? ដូច្នេះ មេប៉េអឹមខេត្តក្រចេះ​ ត្រូវចូលមកសម្របសម្រួល កុំយកឋានៈ និងតួនាទីទៅបិទបាំងនូវអំពើអាក្រក់របស់កូន ហើយមិនប្រាកដថា អាក្រក់ទេ ដូច្នេះតុលាការកោះហៅគឺត្រូវតែមក"៕

សូមទស្សនា​វីដេអូរបស់​សារព័ត៌មាន​ដើមអម្ពិល ដូចខាងក្រោម៖

ប្រភព៖ ដើមអម្ពិល អត្ថបទ៖ ដើមអម្ពិល

អត្ថបទថ្មី
;