រ៉ូបូត​មាន​សញ្ជាតិ «Sophia» និយាយ​ស្វាគមន៍​សម្តេច ហ៊ុន សែន ក្នុង​សន្និសីទ​មួយ​

  • 2019-03-26 04:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ញា​សិប្ប​និមិត្ត កញ្ញា រ៉ូបូត សូភា (Robot Sophia) បាន​និយាយ​ស្វាគមន៍​ចំពោះ​សម្តេច ហ៊ុន សែន និង​អ្នក​ចូលរួម ក្នុង​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​លើកទី១៣ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ The Great Duke (Intercorn) Phnom Penh នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៩។

រ៉ូបូត សូភា បាន​រំពឹងថា នឹង​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹងការ​ប្រែប្រួល​នៃផ្នែក​ឌីជីថល នៅ​ក្នុង​ប្រទេស​កម្ពុជា។

Sophia ដែល​ជា​​មនុស្ស​យន្ត​​មាន​សញ្ជាតិ​​ដំបូង​គេ​ក្នុង​លោក ពោល​គឺ​មាន​សញ្ជាតិ​​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញ​មុខ​ដោយ​ប្រើ​ប្រាស់​​ខោអាវ​ពណ៌​ស​ជា​អត្ត​សញ្ញាណ UNDP និង​​សំពត់ហូល រួម​ទាំង​​បង់​ក​​នូវ​ក្រមា​ ដែល​ជា​សំលៀកបំពាក់​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ។ មនុស្សយន្ត Sophia គឺត្រូវ​បាន​នាំមក​ដោយ កម្មវិធី​អភិវឌ្ឍ​អង្គការ​សហប្រជាជាតិ (UNDP) ដើម្បីយក​មកបង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល។

សម្តេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា តាម​រយៈ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏ច្បាស់លាស់​របស់​បញ្ញា​សិប្បនិមិត្ត (Robot Sophia) គឺជា​ការ​បង្ហាញ​ពី «ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅកាន់​ឧស្សាហកម្ម ៤.០» និង «កិច្ចសហប្រតិបត្តិការ​ ភាព​ជាដៃគូ​ជិត​ស្និទ្ធ​ក្នុងការ​ប្រែក្លាយ​ឌីជីថល​នៅ​កម្ពុជា» គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែលបាន​ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ដូចជា៖

ទី១) បច្ចេកវិទ្យា​ឌីជីថល អាចជួយ​ជំរុញ​កំណើន និង​ប្រសិទ្ធ​ភាព។ បច្ចេកវិទ្យា​ឌីជីថល រួមមាន ទូរសព្ទវៃឆ្លត (smart phone) បច្ចេកវិទ្យា​ក្លោដ (cloud computing) បច្ចេកវិទ្យា​ប្រើរ៉ូបូត (robotics) បច្ចេកវិទ្យា​ប្លុកឆេន (block chain) និង​អ៊ិនធើណិត​នៃ​បរិក្ខារ (internet of things) ជាដើម ដែលបាន​នឹង​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើន​ការ​តភ្ជាប់​រវាង​មនុស្ស និង​មនុស្ស បង្កើត​ឡើង​នូវ​ធុរកិច្ច​ថ្មីៗ ជាមួយនឹង​គំនិត​ថ្មីៗ សម្រួល​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយ​របាំង​ចូល​ទីផ្សារ បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃ​ប្រឌិត​ថ្មីៗ និង​បង្កើត​សកម្មភាព​សហគ្រិន។

ទី២)បច្ចេកវិទ្យា​ឌីជីថល អាចជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អ​ប្រសើរ ជួយ​បង្កើន​គណនេយ្យភាព និង​តម្លាភាព​ក្នុងការ​ផ្តល់​សេវា​សាធារណៈ​នៅតាម​មូលដ្ឋាន ជួយឲ្យ​អាជ្ញាធរ​នៅគ្រប់​កម្រិត​អាចផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បានកាន់​តែច្រើន​ថែមទៀត។ ទន្ទឹម​នេះ បច្ចេកវិទ្យា​ឌីជីថល អាចជួយ​ពង្រឹង​កិច្ចសហការ ភាពជា​ដៃគូ និង​នវានុវត្តន៍​រវាង​ក្រសួង និង​ផ្ទៃក្នុង​ក្រសួង ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស។

ទន្ទឹមនឹង​ផល​វិជ្ជមាន​នេះ បច្ចេកវិទ្យា​ឌីជីថល ក៏បាន​ផ្តល់​នូវ​គុណ​វិបត្តិ​ផ្សេងៗ​ផងដែរ​ដូចជា៖

១) មនុស្សយន្ត (Robot) បាននឹង​កំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស ដែលនឹង​ធ្វើឲ្យ​មនុស្ស​បាត់បង់​ការងារ។

២)ទាមទារ​កម្រិត​ជំនាញ​ខ្ពស់ ដើម្បី​ឲ្យស្របទៅនឹង​ការ​រីក​ចម្រើន​បច្ចេកវិទ្យា និង​ព័ត៌មាន​វិទ្យា។

៣) វិសមភាព​នៃការ​ទទួល​ផល​ប្រយោជន៍ ដោយសារ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួលបាន​នូវ​ចំណេះដឹង និង​បច្ចេកវិទ្យា។

៤) ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល នឹង​បង្កើន​ភាព​ងាយ​រងគ្រោះ ដែល​បណ្តាល​មកពី​ឧក្រិដ្ឋ​កម្ម ឬ បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម៕

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

;