គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីជាង ៣៧ម៉ឺននាក់ នៅឆ្នាំ២០១៩
- 2019-03-29 09:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីជាង ៣៧ម៉ឺននាក់ នៅឆ្នាំ២០១៩
ចន្លោះមិនឃើញ
យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០១៩ អ្នកដែលមានអាយុចាប់ពី ១៨ ឡើងទៅ មានចំនួន ១០ ១៧៨ ៨០៩ នាក់ ហើយ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣៧២ ៦២៨ នាក់ និងអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៨៨ ៦២៦ នាក់។ នេះបើតាមការបញ្ជាក់របស់លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
អនុប្រធាន គ.ជ.ប បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នេះ ដូចគ្នានឹងឆ្នាំកន្លងទៅដែរ គឺមានគោលដៅធានាឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ ៖
១. ការចុះឈ្មោះបោះឆ្នោត ចំពោះ ៖
-ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
-ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០១)
-ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី
-ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត ។
២. ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវ ។
៣. ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត
-ដែលបានទទួលមរណភាព
-ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
-ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
-ដែលមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។
លោក នុត សុខុម ក៏បានអំពាវនាវដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីតាមដាន និងពិនិត្យមើលដំណើរការនេះនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តឱ្យបានរលូន និងជោគជ័យ និងបានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ និងថែរក្សា ការពារសន្តិសុខ និងធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ត្រូវធ្វើឡើងនៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់ ដែលមានរយៈពេល ២២ថ្ងៃ ដោយបែងចែកពេលវេលាដូចខាងក្រោម ៖
-រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់
-រយៈពេល ១១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែឧសភា ចុះឈ្មោះចល័តតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់
-រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ ៕