ស្ពាន និង​ស្ថានីយ​រថភ្លើង នៅ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវបើក​ឱ្យ​ប្រើប្រាស់​នៅថ្ងៃ​២២​មេសា

  • 2019-04-09 01:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត-ខ្លងលឹក នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩ លោក​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ និង​អ្នក​ជំនាញ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់ព្រំដែន​ចំណុច​ស្ទឹងបត់-បាន​ណងអៀង ឬ​ហៅថា៖ ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) ដើម្បី​ភ្ជាប់ប៉ុស្តិ៍​ព្រំដែន កម្ពុជា-ថៃ និង​ពិនិត្យ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត-ខ្លងលឹក ដោយមាន​ការចូលរួម​ពី​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ និង​គណៈ​ប្រតិភូ។

ស្ពាន​មិត្តភាព​កម្ពុជា-ថៃ (ស្ទឹងបត់ - បានណងអៀង) ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ ឥតសំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹង​ប្រមាណ ២៦,៤២​លាន​ដុល្លារ​អាមេរិក មាន​បណ្តោយ​សរុប​ប្រវែង ៦០៥​ម៉ែត្រ និង​ទទឹង ១៧ម៉ែត្រ អនុវត្ត ការ​សាងសង់​ដោយ​កងវិស្វកម្ម​ថៃ។ ច្រក​ព្រំដែនថ្មីនេះ​ នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​នៅច្រក​ព្រំដែន​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ន។

ចំពោះ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ត្រូវបាន​លោក​ ស៊ុន ចាន់ថុល បញ្ជាក់​ថា ជា​ការដាក់​ឱ្យដំណើរការ​ឡើងវិញ​នូវ​ផ្លូវដែក​ប៉ោយប៉ែត-ភ្នំពេញ ក្រោយ​កាត់ផ្តាច់​ដោយ​សង្គ្រាម​អស់រយៈពេល ៤៥​ឆ្នាំ ហើយ​ សារៈសំខាន់​នៃការ​តភ្ជាប់ផ្លូវដែក​របស់​ព្រះរាជាណាចក្រកម្ពុជា ជាមួយ​ព្រះរាជាណាចក្រ​ថៃនា ពេល​ឆាប់ៗ គឺ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ក៏ដូចជា​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ និង​ការចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ បន្ទាប់ពី​ពិធី​ចាក់បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​ជានិមិត្តរូប​នៃការ​បញ្ចប់​ការ​សាងសង់ និងការ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;