៤ខែចុងក្រោយ ទូតអាមេរិក និងចិន វាយប្រហារគ្នា២ដង
- 2019-04-20 12:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ខែចុងក្រោយ ទូតអាមេរិក និងចិន វាយប្រហារគ្នា២ដង
ចន្លោះមិនឃើញ
ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១៩នេះ ស្ថានទូតប្រទេសមហាអំណាច២ប្រចាំនៅកម្ពុជា គឺអាមេរិក និងចិន បានវាយប្រហារដាក់គ្នានៅលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញទំនាក់ទំនងរវាងប្រទេសទាំង២ និងកម្ពុជា នូវរឿង២ គឺទី១. ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ និងរបបខ្មែរក្រហម និងទី២. គឺពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថានទូតអាមេរិក បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ «រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និងក្នុងរយៈកាលក្រោយពីនោះមក»។
មិនបានប៉ុន្មានខែផង ស្ថានទូតអាមេរិក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ក៏បន្តបង្ហោះហ្វេសប៊ុករិះគន់លើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដោយថា ចិន បានទទួលផលចំណេញយ៉ាងខ្លាំងពីការដោះដូរទំនិញរវាងប្រទេសទាំង២។
ស្ថានទូតអាមេរិកលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។
ដូចលើកទី១ដែរ គឺខាងស្ថានទូតចិន បានបង្ហោះសារឆ្លើយតបវិញភ្លាមៗ ដោយហៅការចោទប្រកាន់របស់អាមេរិកខាងលើនេះ គឺជាការបង្កបញ្ហាម្តងទៀត ហើយអះអាងថា ខ្លួនគឺជាអ្នកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា យ៉ាងច្រើនសម្បើម។
ស្ថានទូតចិនបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ»។
ស្ថានទូតចិនបន្តថា៖ «នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?»៕