នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ចាក់បេតុងតភ្ជាប់តំណស្ពានដ៏ធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំង២
- 2019-04-22 02:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ចាក់បេតុងតភ្ជាប់តំណស្ពានដ៏ធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំង២
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណងស្ពានស្ទឹងបត់-បានណងអៀន ហើយនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ ត្រូវបានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក។
ក្រៅពីជំនួយ ឥតសំណងពីរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។
ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ៕