អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់ហើយ
- 2019-04-22 06:44:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសង់ហើយ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង ៩២៨លានបាត ស្មើនឹងប្រមាណ ២៦,៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារ ត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សម្តេចបន្តថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខានដល់ការនាំចេញនាំចូលទំនិញ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មី ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង៕