លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អ៊ុង សានស៊ូជី នៅ​កម្ពុជា

  • 2019-04-26 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាម​ការ​អញ្ជើញ​របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃទី​២៩ ខែ​មេសា ដល់ ០១ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ឱ្យដឹងថា ​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នេះ លោកស្រី អ៊ុង សានស៊ូជី នឹង​ចូល​បង្គំ​គាល់​ព្រះ​ករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះប​រមរាជវាំង ។ ​

លោក​ស្រី​ទីប្រឹក្សា​រដ្ឋ ក៏នឹង​ចូលជួប​សម្តែង​ការគួរសម​ជា​បន្ត​បន្ទាប់ ជាមួយ​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និងសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​។ លោកស្រី​នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ ហ៊ុន​ សែន។

​លោកស្រី ស៊ូជី នឹង​អញ្ជើញ​ដាក់​កម្រង​ផ្កា គោរពវិញ្ញាណក្ខន្ធ​នៅស្តូប​វិមាន​ឯករាជ្យ និង​ព្រះមណ្ឌប​ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា។ នៅចុងប​ញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោកស្រី នឹង​អញ្ជើញ​ទៅទស្សនា​ប្រាសាទ​មួយចំនួន នៅខេត្ត​សៀមរាប។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោកស្រី អ៊ុង សានស៊ូជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ និង​ពហុភាគី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;