ប្រធាន ACU៖ រឿង​ប៉ូលិស​វ៉ៃ​មន្ត្រី​កិច្ច​សន្យា ACU មិនទាន់​ដោះស្រាយ

  • 2019-05-16 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ករណី​ក្រុម​មន្ត្រី​ប៉ូលិស​ខណ្ឌដង្កោ​ព្រួតគ្នា​ប្រើ​អំពើ​ហិង្សា​ទៅលើ​មន្ត្រី​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅក្នុង​វត្ត​ព្រែកថ្លឹង ស្ថិតនៅ​ភូមិ​ព្រែកថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ កាលពី​យប់ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ នៅមិនទាន់​ត្រូវបាន​នគរបាល​ដោះស្រាយ​នៅឡើយ។

ជន​រងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែករទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុករលួយ បានឲ្យដឹង​នៅរសៀល​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩​ថា "លោក ឃឹម ខុម មន្ត្រី​ជាប់​កិច្ច​សន្យា ACU ដែល​របួស​ដោយ​នគរបាល​វាយ មិនទាន់​ត្រូវបាន​នគរបាល​ដោះស្រាយ​នៅឡើយ។ អ្នកភូមិ​គាត់​ប្រហែល​ជានឹង​ប្រតិកម្ម​នាពេល​ខាងមុខ"។

ទាក់ទង​ករណី​នេះ នាយ​ឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានថ្លែង​ប្រាប់​ថា អគ្គស្នងការ​នគរបាល​ជាតិ​នឹងត្រួតពិនិត្យ​លើករណី​នេះ ហើយបើ​មានពិតប្រាកដ​មែន នឹងដាក់​វិន័យ​នគរបាល ឬចាត់វិធានការ​តាមច្បាប់។ «ឲ្យតែ​មាន​ពាក្យ​បណ្តឹង​យើងនឹង​ចាត់ការ​ត្រួតពិនិត្យ​តាមវិន័យ​នគរបាល ឬក៏​តាម​ច្បាប់​វិធានការ​តាមច្បាប់​បើមាន​ពិតប្រាកដ​ចឹងមែន»។

ប្រជាពលរដ្ឋ​បានរិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌ​ដង្កោ ព្រោះខ្លួន​ជាអ្នក​អនុវត្តច្បាប់​បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់ បើថា​ប្រជាពលរដ្ឋ​ខុសចាប់​យកទៅ​អនុវត្ត​តាមច្បាប់​ទៅ មិនគួរ​ប្រើច្បាប់​ព្រៃបែបនេះទេ។

នៅក្នុងពាក្យ​បណ្ដឹង​របស់​លោក ឃឹម ខុម ដាក់ប្តឹង​ទៅលោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺបាន​ប្ដឹង​មន្ត្រី​នគរបាល​ជា​អធិការរង​នគរបាល​ខណ្ឌ​ដង្កោ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤រូប ពីបទ​ប្រើ​អំពើ​ហិង្សា កាលពី​យប់​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៩ នៅវត្ត​ព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​បានឲ្យដឹង​ថា នៅយប់​ថ្ងៃកើត​ហេតុ ខណៈលោក​កំពុង​បើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០ម៉ែត្រ ក៏ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Prius បើកមក​កៀរ រថយន្ត​លោក នាំឲ្យ​មានការ​ខូចខាត ប៉ុន្តែ​លោកមិន​បាន​តាមរថយន្ត​នោះទេ ដោយ​បើក​លឿន​ពេក។

ភ្លាមៗ​នោះ​ស្រាប់តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ មានទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល ៦​គ្រឿង បានបើក​ដេញ​ពីក្រោយ​រហូត​តាមរថយន្ត​លោក​ទាន់​នៅក្នុង​វត្ត​ព្រែកថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាង​ដំណំ មិនសួរ​រក​ហេតុផល បើទោះ​គាត់​បាន​សុំអង្វរ និង​សុំឲ្យ​សួរ​នាំរកខុស​ត្រូវសិន​ក៏ដោយ។

ជនរងគ្រោះ​បាន​ស្នើសុំ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យកក្រុម​ជនល្មើស​ដែលបាន​ប្រព្រឹត្ត​ការវាយដំ​លើរូបលោក​ជាប្រជាពលរដ្ឋ​ស្លូតត្រង់ មកផ្តន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​សុំសង​ការខូចខាត ថ្នាំ​ព្យាបាល និង​សំណង​ជំងឺចិត្ត ៥ម៉ឺន​ដុល្លារ។

ក្រុម​មន្ត្រី​ប៉ូលិស​ដែលព្រួតគ្នា​ប្រើ​អំពើ​ហិង្សា​លើប្រជាពលរដ្ឋ​មាន​ដូចជា៖

១. លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ។

២. លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួលការងារ​សណ្ដាប់ធ្នាប់។

៣. លោក​អនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រី នគរបាល​ចរាចរណ៍៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;