កំណត់ត្រា​មិន​ចាញ់ ៨ឆ្នាំ​របស់ Yodsanklai ត្រូវ​ចប់ ឯ​លុយ​ ១លាន​ដុល្លារ​ក៏អស់​ឱកាស​យក

  • 2019-05-17 14:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​អ្នកប្រដាល់​ថៃ Yodsanklai IWE Fairtex បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​ដណ្ដើម​ជើងឯក ONE Featherweight Kickboxing World Grand Prix ត្រឹម​វគ្គ ៨នាក់​ចុងក្រោយ ក្រោយ​ប្រកួត​ចាញ់​កីឡាករ​បារាំង Samy Sana ដោយ​ពិន្ទុ នា​រាត្រី​ថ្ងៃទី១៧ ខែឧសភា នៅ​ប្រទេស​សិង្ហបុរី។

នេះ​ជា​បរាជ័យ​លើកដំបូង​របស់​អ្នកប្រដាល់​រហស្សនាម​ The Boxing Computer រូបនេះ គិត​ចាប់​ពីឆ្នាំ ២០១១ មក។ មិន​ត្រឹម​តែ​បាត់បង់​កំណត់ត្រា​នេះ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប៉ុណ្ណោះទេ បរាជ័យ​នេះ ក៏​ធ្វើ​ឲ្យ Yodsanklai ត្រូវ​បាត់បង់​ឱកាស​ដណ្ដើមយក​ប្រាក់​រង្វាន់ ១លាន​ដុល្លារ​ពី ONE Championship ផងដែរ។

Sana ម៉ាត់​១ដៃ ធ្វើឲ្យ Yodsanklai ដួល​លើ​រេញ (រូបភាព៖ ONE Championship)
គ្រាន់តែ​ស្នូរ​ជួង​ចាប់​ផ្ដើម​ទឹកទី១ ភ្លាម ទាំង Yod និង Sana បាន​ប្រើ​គ្រប់​ក្បាច់​ Kickboxing ដាក់គ្នា ទាំង​ម៉ាត់ ទាត់ និង​ជង្គង់ ប៉ុន្តែ​នៅ​ចុង​ទឹកទី១ កីឡាករ​កម្ពស់​ខ្ពស់​របស់​បារាំង បាន​ម៉ាត់​មួយដៃ​ពេញ​មុខ Yodsanklai ធ្វើ​ឲ្យអាជ្ញាកណ្ដាល​រាប់​ Yod ដល់ ៨។ ចូលទឹកទី២ និងទី៣ កីឡាករ​ទាំង ២ បាន​វាយ​សន្ធាប់​ដាក់​គ្នា​យ៉ាង​ជក់ចិត្ត ប៉ុន្តែ​ចុងក្រោយ ចៅក្រម​ទាំង ៣ បាន​ផ្ដល់​ពិន្ទុ​ឲ្យ Sana ឈ្នះ​ដោយ​ឯកច្ឆ័ន្ទ។

ទស្សនា​វីដេអូហាយឡាយ ខាងក្រោម៖

លទ្ធផល ៣គូផ្សេងទៀត ក្នុង​ ONE Featherweight Kickboxing World Grand Prix រួមមាន៖

  • Dzhabar Askerov (រុស្ស៊ី) ឈ្នះ Enriko Kehl (អាល្លឺម៉ង់) ដោយពិន្ទុជាឯកច្ឆ័ន្ទ

  • Jo Nattawut (ថៃ) ឈ្នះ Sasha Moisa (អ៊ុយក្រែន) ក្នុងទឹកទី៣

  • Petchmorakot Petchyindee Academy (ថៃ) ឈ្នះ Giorgio Petrosyan (អ៊ីតាលី) ដោយពិន្ទុ​មិន​ឯកច្ឆ័ន្ទ

កីឡាករ​ដែល​ត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៖

  • Petchmorakot Petchyindee Academy (ថៃ) vs Jo Nattawut (ថៃ)

  • Samy Sana (បារាំង) vs Dzhabar Askerov (រុស្ស៊ី)

សូមបញ្ជាក់ថា កាលបរិច្ឆេទប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​មិន​ទាន់​កំណត់នៅឡើយទេ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;