អ្នកកីឡាកាស ១០រូប ដែលវិវត្តខ្លួនជាតារាសម្ដែងល្បី
- 2019-05-20 05:17:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកីឡាកាស ១០រូប ដែលវិវត្តខ្លួនជាតារាសម្ដែងល្បី
ចន្លោះមិនឃើញ
អ្នកកីឡាកាសភាគច្រើន មានមានមាឌមាំ ស្រស់សង្ហា ហើយក៏មានសមត្ថភាពសម្ដែងលើសង្វៀនមិនធម្មតាដែរ។ ដោយសាររូបរាងអំណោយផល និងទេពកោសល្យទាំងនេះហើយ ទើបធ្វើឲ្យពួកគេមួយចំនួន វិវត្តខ្លួនទៅជាតារាសម្ដែងនៅហូលីវូដ។ ខាងក្រោមនេះ ជាកីឡាកាសល្បីៗទាំង ១០នាក់ដែលក្លាយជាតារាសម្ដែង៖
១. Dwayne Jonhson
Dwayne Jonhson ដែលអ្នកគាំទ្រ ជាទូទៅស្គាល់លោកថាជា "The Rock” នោះកើតនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ១៩៧២ នៅក្នុងទីក្រុង Heyward រដ្ឋ California។ លោកចូលប្រឡូកក្នុងវិស័យកីឡាកាស តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន និងក្លាយជាតារាសម្ដែងតាំងឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្នដូចគ្នា។ រឿងដែលលោកទទួលបានការគាំទ្រខ្លាំងគឺរឿង "Furious 7"។
២. Dave Bautista
លោកកើតនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៦៩ ក្នុងរដ្ឋ Washington, DC។ ឪពុករបស់លោកជាជនជាតិហ្វីលីពីន ហើយម្ដាយមានដើមកំណើតជាជនជាតិក្រិក។ Bautista ចាប់អាជីពជាអ្នកកីឡាកាសតាំងពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០១៤ និងបានឈានជើងចូលក្នុងវិស័យសម្ដែងចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន។ រឿងដែលលោកទទួលបានភាពជោគជ័យខ្លាំង គឺរឿង "Guardians of the Galaxy" ក្នុងឆ្នាំ ២០១៤។
៣. Jonh Cena
កីឡាកររូបនេះមានឈ្មោះពេញ Jonh Felix Anthony Cena ជា Super Star ប្រចាំ WWE ។ លោកកើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៧៧ នៅទីក្រុង West Newbury រដ្ឋ Massachusetts។ លោកបានក្លាយខ្លួនជាអ្នកកីឡាកាសតាំងពីឆ្នាំ ១៩៩៩ ហើយក្លាយជាតារាសម្ដែងចាប់ពីឆ្នាំ ២០០០ ហើយរឿងដែលលោកទទួលបានការគាំទ្រខ្លាំង គឺរឿង "The Reunion" ក្នុងឆ្នាំ ២០១១ និងធ្វើជាពិធីករទូរទស្សន៍ នៅឆ្នាំ ២០១៦។ មកទល់បច្ចុប្បន្នលោកនៅតែចាប់អាជីពទាំង ៣នេះដដែល។ ដោយឡែក Jonh Cena ក៏ធ្លាប់ជាតារារ៉េបម្នាក់ដែរ ។
៤. Paul Levesque
Paul Levesque ជាឈ្មោះពេញរបស់ Triple H។ លោកកើតថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៦៩ នៅទីក្រុង Nashua រដ្ឋ New Hampshire សហរដ្ឋអាមេរិក។ លោកបានចាប់អាជីពជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩២ និងបន្តរហូតមកបច្ចុប្បន្ន ។ ដោយឡែកលោកក៏បាន ចូលសម្ដែងក្នុងខ្សែភាពយន្តជាច្រើនដែរ តាំងពី ឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០១១។ ក្នុងឆ្នាំ ២០១១នោះដែរ លោកបានសម្ដែងក្នុងរឿង "Inside Out" ហើយបានទទួលភាពជោគជ័យគួរសម។
៥. Paul Wight
Big Show មានឈ្មោះពេញ Paul Donald Wight II កើតថ្ងៃ ០៨ ខែកុម្ភៈ ឆ្នាំ១៩៧២ នៅរដ្ឋ Carolina សហរដ្ឋអាមេរិក។ លោកក្លាយជាកីឡាកាសតាំងពីឆ្នាំ ១៩៩៥ ហើយក្លាយជាតារាសម្ដែងនៅក្នុងឆ្នាំ ១៩៩៦។ ថ្វីត្បិតលោកបានសម្ដែងរឿងជាច្រើន តែរឿងដែលលោកបានដើរជាតួឯកដំបូងនោះគឺរឿង "Knucklehead" ក្នុងឆ្នាំ២០១១។
៦. Mike 'TheMiz' Mizanin
កីឡាករ និងជាតារាសម្ដែងរូបនេះមានឈ្មោះពេញ Michael Gregory Mizanin កើតនៅថ្ងៃ ០៨ ខែតុលា ឆ្នាំ១៩៨០ ក្នុងទីក្រុង Parma រដ្ឋ Ohio សហរដ្ឋអាមេរិក។ លោកក្លាយជាកីឡាកាសនៅឆ្នាំ ២០០៣ និងចូលសម្ដែងក្នុងឆ្នាំ ២០១២។ ហើយកាលពីពេលថ្មីៗនេះលោកក៏បានចូលរួមសម្ដែងក្នុងរឿងបែបបាញ់ប្រហារមួយដែរមានចំណងជើងថា "The Marine 5: Battleground"។
៧. Randy Orton
Randy មានឈ្មោះពិត Randall Keith Orton កើតថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨០ នៅទីក្រុង Knoxville រដ្ឋ Tennessee សហរដ្ឋអាមេរិក ។ លោកចូលប្រឡូកក្នុងកីឡាកាសដំបូង នៅឆ្នាំ ២០០០ និងបន្តមកដល់សព្វថ្ងៃ រីឯអាជីពជាតារាសម្ដែង លោកបានឈានជើងចូលនៅឆ្នាំ ២០១១។ កាលពីឆ្នាំ ២០១៥ លោកបានដើរជាតួឯកក្នុងរឿង "The Condemned 2"។
៨. Dalip Singh
កីឡាកាសរូបនេះត្រូវបានគេស្គាល់ថា ជា "The Great Kali” ដែលមានឈ្មោះពេញ Dalip Singh Rana ។ លោកកើតថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៧២ នៅរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។ លោកបានក្លាយជា កីឡាកាសតាំងពីឆ្នាំ ២០០០ និងវិវត្តខ្លួនក្លាយជាតារាសម្ដែង ក្នុងឆ្នាំ២០០៥។ The Great Khali បានសម្ដែងក្នុងរឿងជាច្រើនទាំង ហូលីវូដ និងបូលីវូដ តែក្នុងចំណោមរឿងទាំងអស់រឿងដែលលោកជោគជ័យខ្លាំងគឺរឿង "Kushti" កាលពីឆ្នាំ ២០១០។
៩. Mark Calaway
ជាទូទៅ Mark Calaway ត្រូវបានគេស្គាល់ថាជា "The Undertaker”។ លោកកើតថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៦៥ នៅរដ្ឋ Texas សហរដ្ឋអាមេរិក។ លោកបានចាប់អាជីពជាកីឡាកាសតាំងតែពីឆ្នាំ ១៩៨៤ និង ក្លាយជាតារាសម្ដែង នៅក្នុងឆ្នាំ ១៩៩១។ រឿងដែលលោកសម្ដែងមុនគេគឺជារឿងបែបកំប្លែង មានចំណងជើងថា "Suburban Commando" ក្នុងឆ្នាំ ១៩៩១។
១០. Glenn Jacobs
Glenn Jacobs គឺជាឈ្មោះពិតរបស់ Kane កើតថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៦៧ នៅប្រទេសអេស្ប៉ាញ។ លោកក្លាយជាកីឡាកាសកាលពីឆ្នាំ ១៩៩២ និងបានប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្ដែង ក្នុងឆ្នាំ ២០០៦ ក្នុងរឿងដំបូង "See No Evil" និងរឿង "See No Evil" វគ្គ ២ ក្នុងឆ្នាំ ២០១៤។ ក្រៅពីរឿងទាំងនេះ លោកក៏បានទទួលការគាំទ្រខ្លាំងតាមរយៈរឿងជាច្រើនទៀតផងដែរ៕
ចុចអាន៖ ទម្លាយឲ្យដឹងប្រាក់ខែអ្នកកីឡាកាស WWE ល្បីៗ ១០រូប នៅសង្វៀន Raw និង Smackdown