ម្ដងនេះ ចាន់ វឌ្ឍនាកា ចុះកុងត្រា​នៅ​បឹងកេត ដល់ទៅ ៣ឆ្នាំ ដោយសារ​ហេតុផល ២

  • 2019-06-12 06:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បាន​ឲ្យដឹងថា សុពលភាពកិច្ចសន្យាសម្រាប់ ចាន់ វឌ្ឍនាកា ក្នុងការវិលត្រលប់សាជាថ្មី មានរហូតដល់ទៅ ៣ឆ្នាំឯណោះ ព្រោះសាមីខ្លួនចង់តបស្នងដល់ទ្រនំចាស់ និងមានបំណងចង់រៀនបន្តផង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិបសាយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នារសៀល​ថ្ងៃទី១២ ខែមិថុនានេះ។

លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត
លោក បែ មករា បង្ហើបថា ម្ចាស់អាវលេខ១១ខាងលើ ក៏បានបដិសេធសំណើពីក្លិបម៉ាឡេស៊ីមួយទៀត គឺ Terengganu FA និងក្លិបមួយចំនួនទៀតនៅថៃ ព្រោះចង់លេងនៅស្រុកកំណើតយូរក្រែលតទៅមុខទៀត។

លោកបានពន្យល់ប្រាប់ CNCC ថា៖ "ចិត្តគាត់ចង់លេងនៅក្នុងស្រុក អ៊ីចឹងយើងនឹងជួយជ្រោមជ្រែងគាត់ឲ្យជោគជ័យក្នុងអាជីពរបស់គាត់។ បើគាត់ចង់ត្រលប់ទៅក្រៅប្រទេស គឺជារឿងរបស់គាត់ តែដូចថាអ៊ីចឹង គាត់បានបដិសេធសំណើរបស់ Terengganu និងក្រុមមួយចំនួនទៀតពីប្រទេសថៃ ព្រោះគាត់ចង់លេងក្នុងស្រុកវិញ។ គាត់ថាគាត់ចង់តបស្នងក្លិប និងចង់រៀនបន្តផង”។

ចាន់ វឌ្ឍនាកា ពេលលេង​នៅបឹងកេត នាពេលកន្លងមក

សូមបញ្ជាក់ថា ក្លឹបបឹងកេត បាន​ប្រកាស​ពី​ការ​វិលត្រលប់​របស់​ចាន់ វឌ្ឍនាកា ដោយ​បង្ហោះ​វីដេអូ​ នាម៉ោង ១១:១១នាទី​ព្រឹក ថ្ងៃ​ទី១២ ខែមិថុនានេះ។ ទស្សនា​វីដេអូ​នោះ ខាងក្រោមនេះ៖

ចុចអាន៖ ចាន់ វឌ្ឍនាកា វិល​រក​ទ្រនំ​ចាស់​វិញហើយ

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;