ចិនផ្តល់រថយន្ត Pick Up ១២គ្រឿង និងកុំព្យូទ័រ ២៤០គ្រឿងឱ្យព្រឹទ្ធសភាកម្ពុជា
- 2019-06-14 02:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនផ្តល់រថយន្ត Pick Up ១២គ្រឿង និងកុំព្យូទ័រ ២៤០គ្រឿងឱ្យព្រឹទ្ធសភាកម្ពុជា
ចន្លោះមិនឃើញ
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចាប់តាំងពីថ្ងៃបង្កើតព្រឹទ្ធសភា រហូតមកទល់ពេលនេះ ប្រទេសចិន បានសម្រេចផ្តល់ជំនួយចំនួន ១៥លើកដល់ព្រឹទ្ធសភាកម្ពុជា។ សម្រាប់ជំនួយលើកទី១៥នេះ រួមមាន៖ កុំព្យូទ័រដាក់លើតុចំនួន ១២០គ្រឿង កុំព្យូទ័រយួរដៃចំនួន ១២០គ្រឿង ម៉ាស៊ីនបោះពុម្ភ Laser Printer ចំនួន ១២០គ្រឿង ម៉ាស៊ីនបោះពុម្ព Multi-Functional ចំនួន ៥គ្រឿង ម៉ាស៊ីថតចម្លងចំនួន ០៥គ្រឿង និងរថយន្ត Pick-up ចំនួន១២គ្រឿង ដែលគិតជាទឹកប្រាក់ចំនួន ៦២៦ ៨៦៥,២៤ (ជាង ៦២ម៉ឺនដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់ AKP។
លោក ទេព ងន បានគូសបញ្ជាក់ថា ជំនួយរបស់ប្រទេសចិនលើកទី១៥នេះ ជាសក្ខីភាពថ្មីមួយទៀត និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន នៃប្រទេសទាំងពីរ ខិតខំបន្តពូនជ្រំ និងជ្រោងទង់ "កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ" ឱ្យបានស្ថិតស្ថិរយូរអង្វែង និងមានផលប្រយោជន៍ទៅវិញទៅមកប្រកបដោយភាពរុងរឿង។ រហូតមកដល់ពេលនេះ ជំនួយរបស់ចិន ជូនដល់ព្រឹទ្ធសភាកម្ពុជាមានចំនួន ១៥លើក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦ ៦៩៥ ៩៤៦,៥៤ (ជិត ១៧លានដុល្លារអាមេរិក)។
លោកLi AN បានថ្លែងថា កន្លងទៅនេះព្រឹទ្ធសភាកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងនោះព្រឹទ្ធសភាកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយនឹងសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសភាប្រឹក្សានយោបាយប្រជាជនចិន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងគ្នាទៅវិញទៅមក រវាងសភា រដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្កើនការយោគយល់គ្នាជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងនយោបាយ ការគ្រប់គ្រងប្រទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានទៅកម្រិតថ្មីមួយទៀត។
លោកបានបន្ថែមថា ជំនួយនាពេលនេះ គឺសម្រាប់ប្រើប្រាស់តាមការចាំបាច់នៃព្រឹទ្ធសភា នីតិកាលទី៤។ លោកសង្ឃឹមថា សម្ភារទាំងអស់នេះ ព្រឹទ្ធសភានឹងប្រើប្រាស់តាមការចាំបាច់ និងកាន់តែប្រសើរ ដើម្បីធានាដល់ការងាររបស់ព្រឹទ្ធសភា៕