អ្នកជំនាញខ្មែរ ចែករំលែកចំណេះដឹងដល់អ្នកជំនាញថៃ អំពីការជួសជុលប្រាសាទឥដ្ឋបុរាណ
- 2019-06-25 03:44:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញខ្មែរ ចែករំលែកចំណេះដឹងដល់អ្នកជំនាញថៃ អំពីការជួសជុលប្រាសាទឥដ្ឋបុរាណ
ចន្លោះមិនឃើញ
អ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរចំនួនបីរូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ត្រូវបាននាយកដ្ឋានវិចិត្រសិល្បៈថៃ អញ្ជើញចូលរួមសិក្ខាសាលាស្តីអំពី «ការស្វែងយល់អំពីបច្ចេកទេសបុរាណ និងការប្រើសម្ភារៈបុរាណ ដើម្បីជួសជុលប្រាសាទឥដ្ឋនៅតំបន់អង្គរ» នៅខេត្តស្រះកែវ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ។
ក្នុងសិក្ខាសាលានេះ អ្នកជំនាញខ្មែរទាំងបីរួមមាន៖ លោក លី វណ្ណា បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក តាន់ សុផល អ្នកអភិរក្សឥដ្ឋ និងលោក ហួន សុខជាតិ វិស្វករ បានចែករំលែកបទពិសោធន៍ ចំណេះដឹងអំពីបច្ចេកទេសបុរាណ និងការប្រើសម្ភារៈបុរាណដើម្បីជួសជុលប្រាសាទបុរាណសាងអំពីឥដ្ឋដល់អ្នកជំនាញថៃជាង ៣០នាក់ ដែលកំពុងបម្រើការងារនៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ មកពីការិយាល័យប្រចាំតំបន់ទូទាំងប្រទេសនៃនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃ។
លោក លី វណ្ណា បានឱ្យដឹងថា «សិក្ខាសាលានេះគឺផ្តើមចេញពីការយល់ឃើញថា ដើម្បីអភិរក្ស និងជួសជុលប្រាសាទមួយឱ្យរក្សាបាននូវតម្លៃដើម យើងត្រូវប្រើបច្ចេកទេសបុរាណ និងសម្ភារៈបុរាណគួបផ្សំជាមួយនឹងតម្រូវការក្នុងពេលចាំបាច់នៃការប្រើបច្ចេកទេស និងសម្ភារៈទំនើបដែលមិនប៉ះពាល់ដល់លក្ខណៈសម្បត្តិបុរាណរបស់ប្រាសាទ។ នេះក៏ដោយសារកន្លងមក ការជួសជុលប្រាសាទឥដ្ឋនៅប្រទេសថៃ ប្រើបាយអរដែលជាល្បាយបានមកពីការលាយបញ្ចូលគ្នានៃខ្សាច់ កំបោរ និងស៊ីម៉ងតិ៍ផតឡែនដ៍ពណ៌សដើម្បីបិទ បៀក និងភ្ជាប់ឥដ្ឋ។ ការប្រើប្រភេទល្បាយស៊ីម៉ងតិ៍ដូចនេះ មិនត្រូវគ្នាជាមួយឥដ្ឋបុរាណឡើយ ដោយសារសម្ភារៈសំណង់ទាំងពីរប្រភេទនេះ មានលក្ខណៈរឹងមាំខុសគ្នាខ្លាំង ម៉្យាងទៀតស៊ីម៉ងតិ៍អាចនាំមកនូវការកកើតអំបិលបំផ្លាញដល់ឥដ្ឋបុរាណនៃប្រាសាទ»។
លោកបុរាណវិទូរូបនេះបន្តថា កត្តានេះហើយដែលនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃមានកង្វល់យ៉ាងខ្លាំងអំពីបញ្ហានៃការប្រើស៊ីម៉ងតិ៍ ហើយក៏ងាកមកគិតអំពីការរិះរកមធ្យោបាយប្រើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋតាមបែបបុរាណ និងប្រើបាយអរបុរាណ។ល។ ទើបនាយកដ្ឋានវិចិត្រសិល្បៈនៃប្រទេសថៃផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលានេះឡើង ដើម្បីយកបច្ចេកទេសបុរាណនេះ ទៅអនុវត្តនៅក្នុងគម្រោងជួសជុលប្រាសាទខាវលួន ដែលជាប្រាសាទឥដ្ឋមួយមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់ ស្ថិតនៅក្នុងស្រុកតាប្រាយ៉ា នៃខេត្តស្រះកែវ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ បានបំពេញបេសកកម្មជាប្រវត្តិសាស្រ្តលើកដំបូង និងជាទីមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានធនធានមនុស្សដ៏មានសមត្ថភាពក្នុងការផ្តល់នូវចំណេះដឹង បទពិសោធន៍អំពីការជួសជុលប្រាសាទឥដ្ឋក្នុងតំបន់អង្គរ ទៅកាន់អន្តរជាតិ៕
អត្ថបទ និងរូបថត៖ អាជ្ញាធរជាតិអប្សរា