លោក ​ត្រាំ ​ចង់ដំឡើង​ពន្ធ​លើ​ទំនិញ​វៀតណាម ​ក្រោយ​ប្រទេស​នេះ​កេង​ចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម

  • 2019-06-27 07:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហើប​ពី​បំណង​ក្នុងការ​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​វៀតណាម បន្ទាប់ពី​ប្រទេស​អាស៊ាន​មួយនេះ បាន​កេង​ចំណេញ​យ៉ាងក្រាស់ក្រែល​ពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយ Fox Business កាលពីថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ លោក ដូណាល់ ត្រាំ បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «ក្រុមហ៊ុន​ជាច្រើន បានរើ​ទៅវៀតណាម ប៉ុន្តែ​វៀតណាម​បានកេង​ចំណេញ​មកលើ​យើង អាក្រក់​ជាងចិន​ទៅទៀត។ ដូច្នេះ មាន​ស្ថានភាព​ដ៏គួរឱ្យចាប់​អារម្មណ៍​មួយ កំពុង​កើតមាន​នៅ​ទីនោះ»។

លោក ដូណាល់ ត្រាំ ពេលធ្វើទស្សនកិច្ចនៅវៀតណាមកាលពីខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ AFP)
ទោះ​ជាយ៉ាង​ណា លោក​មិន​បាន​បញ្ជាក់ចំៗ​ទេ​អំពីការ​ដំឡើងពន្ធ​នេះ ដោយ​គ្រាន់តែ​និយាយ​ថា អាមេរិក​នឹង​ពិភាក្សា​ជាមួយ​វៀតណាម។ ជាមួយគ្នា​នេះ លោក​ក៏បាន​ព្រមាន​ដំឡើងពន្ធ​បន្ថែមទៀត​លើទំនិញ​ចិន ប្រសិន​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន នៅតែ​មិនអាច​សម្រេច​បាន។

កាល​ពី​ដើមខែ​មិថុនា​កន្លងទៅ​នេះ ធនាគារ​វិនិយោគ​ជប៉ុន Nomura បាន​ចេញផ្សាយ​របាយការណ៍​វិភាគមួយ​ដែលបង្ហាញ​ថា វៀតណាម គឺ​ជា​អ្នក​ឈ្នះ​ធំបំផុត​ក្នុសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គិត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០១៩ ខណៈ​ដែល​មហាយក្ស​សេដ្ឋកិច្ច​ទាំង២​នេះ បាន​ដំឡើង​ពន្ធ​ទំនិញ​នាំចូល​ដាក់​គ្នាទៅ​វិញទៅ​មក។ សេដ្ឋកិច្ច​វៀតណាម បាន​កើនឡើង​ស្ទើរជិត ៨% នៃ GDP ដោយសារ​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ ពោលគឺ​ការ​រើ​រោងចក្រ​ពីចិន ទៅ​ដាក់​ផលិត​នៅ​វៀតណាម​វិញ ដើម្បី​បញ្ចៀស​នូវការ​ជាប់ពន្ធ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម ​កើតឡើង​ដោយសារ​តែប្រទេស​នេះ បាន​បង្កើន​ការនាំចូល​ទៅ​អាមេរិក នូវ​ទំនិញ​ដែល​អាមេរិក បាន​ដំឡើងពន្ធ​លើ​ប្រទេសចិន។ ក្នុងនោះ​មាន​ផលិតផល​សំខាន់ៗ​ដូចជា ឧបករណ៍​អេឡិចត្រូនិច​សម្រាប់​ទូរសព្ទ គ្រឿងសង្ហារិម និង​ម៉ាស៊ីន​ដំណើរការ​ទិន្នន័យ​ស្វ័យប្រវត្តិ​ជាដើម។ ក្រៅពីនោះ​មាន​ដូចជា ក្តារបន្ទះ ខ្សែសូត្រ កប្បាស និង​គ្រឿង​ប្រដាប់​ប្រដា​អគ្គិសនី​ផងដែរ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;