រឿងផិតក្បត់៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្អាក​ការងារ​លោក ជា ពេជ្រ ព្រះរាជ​អាជ្ញាខេត្ត​រតនគិរី

  • 2019-07-26 01:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​សម្រេចផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​របស់​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​ខេត្ត​រតនគិរី ពាក់ព័ន្ធ​ករណី​ផិតក្បត់​ប្រពន្ធ​លួចមាន​ស្រី។ នេះ​បើយោងតាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចុះថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ​២០១៩។

លោក ជា ពេជ្រ (រូបថត៖ ផ្តល់ឱ្យ)
នៅក្នុង​លិខិត​របស់​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជម្រាប​ទៅលោក​ព្រះរាជអាជ្ញា នៃអយ្យការ​អមសាលា​ដំបូង​ខេត្ត​រតនគិរី​ថា «ក្រសួងយុត្តិធម៌​បានទទួលនូវ​លិខិតលេខ៦៥១ អយប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ ជូនដំណឹង​ស្តីអំពី​ការចោទ​ប្រកាន់​លើរូប​លោក ជា ពេជ្រ ពីបទផិត ប្រព្រឹត្ត​នៅខេត្ត​រតនគិរី និងរាជធានី​ភ្នំពេញ កាលពី​អំឡុង ឆ្នាំ២០១៧ រហូតដល់ ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៧ អនុវត្តទោសមាត្រា១០ នៃច្បាប់​ស្តីពីឯក​ពន្ធភាព តាមដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យស៊ើបសួរ​លេខ៣២៦០អយប ចុះថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ២០១៩ ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចាត់ការ​បន្តតាម​នីតិវិធី។ យោងតាម​មាត្រា៥៨ និង​មាត្រា១០០ នៃច្បាប់​ស្តីពី​លក្ខន្តិកៈនៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ក្រសួងយុត្តិធម៌​ផ្អាកមុខងារ​របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលា​ដំបូងខេត្តរតនគិរី ជាបណ្តោះ​អាសន្នរហូត​ដល់មាន​សេចក្តីសម្រេច​របស់តុលាការ​អំពីទោស​ជាស្ថាពរ»។

ការ​ផ្អាកមុខងារ​របស់លោក ជា ពេជ្រ នេះ​បានធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ហ៊ាន លក្ខិណា ភរិយា​ស្របច្បាប់ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​ទៅតុលាការ និងប្ដឹង​ទៅរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឲ្យជួយ​អន្តរាគមន៍​អំពី​ករណី លោក ជា ពេជ្រ ដែលជា​ស្វាមី​របស់​អ្នកស្រី បានលួចផិតក្បត់​មានស្រី​ខាង​ក្រៅផ្ទះ និង​មិនព្រម​ចូលមក​ដោះស្រាយ។

អ្នកស្រី ហ៊ាន លក្ខិណា បានដាក់​ពាក្យបណ្ដឹង​ទៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​កាលពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០១៩ ស្នើជួយ​អន្តរាគមន៍​ឱ្យលោក​ព្រះរាជអាជ្ញា ជា ពេជ្រ ឈប់ប្រើ​អំណាច​បុណ្យសក្តិ អំណាច​ប្រាក់គំរាម​កំហែង​លើអ្នកស្រី ដែលជា​ភរិយាស្របច្បាប់ ហើយសូមឱ្យ​ចូលខ្លួន​មកដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​គ្រួសារ (ការលួច​មានប្រពន្ធចុង) ដោយ​សន្តិវិធី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;