ម៉ាឡេស៊ី សម្រេច​បង្កើន​ការនាំចូល​អង្ករ​ពី​កម្ពុជា

  • 2019-07-31 02:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាឡេស៊ី បាន​បង្ហាញ​ការ​រីករាយ​ចំពោះ​ការបង្កើន​បរិមាណ​នៃពាណិជ្ជកម្ម​កសិកម្ម​ជាមួយ​កម្ពុជា ដោយ​ភាគី​ម៉ាឡេស៊ី​បាន​សម្រេច​បង្កើន​ការ​នាំចូល​អង្ករពី​កម្ពុជា ហើយ​កំពុង​មាន​ចំណាប់​អារម្មណ៍​ជាខ្លាំង​លើ​ផលិតផល​ដទៃទៀត ដូចជា​ម្រេច តាង៉ែន និងប្រេងដូង។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន ​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់ថា ក្នុងអំឡុង​អាណត្តិ​របស់លោក នឹងព្យាយាម​អស់​លទ្ធភាព ធ្វើយ៉ាង​ណាជំរុញ ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ លើវិស័យ​កសិកម្ម​ឲ្យមានការ​រីកចម្រើន ប្រកបដោយ​ចីរភាព​សម្រាប់​ជាប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ។

ក្នុង​ជំនួប​នេះ លោក វេង សាខុន បាន​លើកឡើង​ថា កម្ពុជា​ដែល​ធ្លាប់​ជាប្រទេស​គ្មាន​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ស្បៀង​ដល់ប្រជាជន​ខ្លួន មកជាប្រទេស​ដែលមាន​អតិរេក​ស្បៀង​ជា​អង្ករជិត ៤លាន​តោន និងជា​ប្រទេស​ដែលធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក។ ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​ផលិតផល​កសិកម្ម លោក​រដ្ឋមន្ត្រី​បានគូស​បញ្ជាក់​ថែមទៀត​ថា គិតត្រឹមខែ​កក្កដា ឆ្នាំនេះ កម្ពុជា​បាន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង ២,៣៧លាន​តោន។

លោករដ្ឋមន្រ្តី សង្ឃឹម និង​ជឿជាក់​ថា តាមរយៈ​ឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​លើផលិតផល​កសិកម្ម និង​ផលិតកម្ម​សត្វ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិនិយោគិន​ម៉ាឡេស៊ី​មកវិនិយោគ​លើការ​កែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា និងការ​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នឹងត្រូវបាន​ជំរុញនិង​ពង្រីក​ថែមមួយ​កម្រិតទៀត​ប្រកបដោយ​ប្រសិទ្ធភាព។ មួយវិញទៀត លោក​ក៏បានស្នើដល់​ភាគីម៉ាឡេស៊ី ពិនិត្យ​វឌ្ឍនភាព និងជំរុញ​ការអនុវត្តនៃ​អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​ក្រសួងកសិកម្ម​កម្ពុជា និងក្រសួង​កសិកម្ម​ម៉ាឡេស៊ី៕

អត្ថបទ និងរូបថត៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;