ប្រធាន​សភា​តំណាង​ប្រជាជន​​នៃរបប​ខ្មែរក្រហម នួន ជា បាន​ទទួល​មរណភាព​ហើយ

  • 2019-08-04 12:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់ប្រាប់ [ខ្លីៗ] ថា ជនជាប់​ចោទ នួន ជា អាយុ ៩៣​ឆ្នាំ បានទទួល​មរណភាព​ហើយ​នៅល្ងាចថ្ងៃទី​៤ ខែ​សីហា ឆ្នាំ ២០១៩​នេះ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

រូបថត៖ ផ្តល់ឱ្យដោយ​លោក នេត្រ ភក្ត្រា
ជនជាប់ចោទ នួន ជា ត្រូវបាន​បញ្ជូន​ពីមន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា (អវតក) ទៅកាន់​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ដើម្បី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​តាំងពីថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៩​មក។

លោក​បន្ត​ថា នួន ជា កើត​នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទី​ជាអនុលេខាបក្សកុម្មុយនីស្ត​កម្ពុជា សមាជិកគណៈ​កម្មាធិការអចិន្រៃ្តយ៍ និងគណៈ​កម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​កម្ពុជា និងជាប្រធាន​សភាតំណាង​ប្រជាជន​នៃរបបកម្ពុជា​ប្រជាធិបតេយ្យ។ ​ គាត់ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០០៧ និងបាន​ជំនុំជម្រះក្តី​នៅចំពោះមុខ​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ពីឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ការរំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​លើអនុសញ្ញា​ទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍។

លោកបាន​បញ្ជាក់ថា នួន ជា ត្រូវបាន​រកឃើញ​ថា មានពិរុទ្ធភាព​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

រូបថត៖ ផ្តល់ឱ្យដោយ​លោក នេត្រ ភក្ត្រា

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;