កូរ៉េខាងត្បូង ត្រៀមលុយជាង ៦ពាន់លានដុល្លារស្រាវជ្រាវខ្លួនឯង ឈប់ពឹងផ្អែកលើវត្ថុធាតុដើមជប៉ុន
- 2019-08-05 06:55:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ត្រៀមលុយជាង ៦ពាន់លានដុល្លារស្រាវជ្រាវខ្លួនឯង ឈប់ពឹងផ្អែកលើវត្ថុធាតុដើមជប៉ុន
ចន្លោះមិនឃើញ
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ពីផែនការវិនិយោគជាង ៦ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាខ្លួនឯងសម្រាប់វត្ថុធាតុដើម គ្រឿងបន្លាស់ និងឧបករណ៍ ក្នុងរយៈពេល ៧ឆ្នាំក្រោយ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកការនាំចូលពីប្រទេសជប៉ុន។
ការបញ្ចេញផែនការនេះ ក្រោយពេលជប៉ុន កាលពីថ្ងៃសុក្រកន្លងទៅ បានដកកូរ៉េខាងត្បូងចេញពី «បញ្ជី ស» ពោលគឺការនាំចេញទំនិញរបស់ជប៉ុន ទៅកាន់កូរ៉េខាងត្បូង នឹងកាន់តែរឹតត្បិតជាងមុន។ ក្រុមហ៊ុនជប៉ុនដែលនាំចេញទំនិញសំខាន់ៗទៅកូរ៉េខាងត្បូង ត្រូវសុំការអនុញ្ញាតបន្ថែមទៀត ដើម្បីធានាថា ទំនិញទាំងនោះ នឹងមិនត្រូវបានយកទៅប្រើប្រាស់សម្រាប់យោធាកូរ៉េខាងត្បូងឡើយ។
ប៉ុន្មានម៉ោងក្រោយមក កូរ៉េខាងត្បូងក៏បានតបតវិញ ដោយប្រកាសដកជប៉ុនចេញពី «បញ្ជី ស» របស់ខ្លួនផងដែរ ប៉ុន្តែមិនបានលម្អិតឡើយ។
កាលពីខែកក្កដាកន្លងទៅ ជប៉ុនបានរឹតត្បិតលើការនាំចេញវត្ថុធាតុដើម ដែលប្រើសម្រាប់ផលិតបន្ទះឈីប អេក្រង់ និងស៊ឺមីកុងឌុចទ័រជាដើម ខណៈដែលកូរ៉េខាងត្បូង គឺជាប្រទេសដែលនាំចូលធំបំផុតរបស់ជប៉ុន លើវត្ថុធាតុដើមនេះ។
វិធានការពាណិជ្ជកម្មរបស់ជប៉ុននេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូល បានទាមទារឱ្យក្រុងតូក្យូ ផ្តល់សំណងនូវទង្វើដែលទាហានជប៉ុន បានប្រព្រឹត្តទៅលើប្រជាពលរដ្ឋកូរ៉េខាងត្បូង ក្នុងអំឡុងជប៉ុន ឈ្លានពានកូរ៉េ ដូចជាការបង្ខំប្រើកម្លាំងពលកម្ម និងទាសករផ្លូវភេទជាដើម៕