គួរឲ្យរន្ធត់! ទីក្រុងនៅប្រេស៊ីលប្រែជាងងឹតស្លុប ដោយសារផ្សែងពីភ្លើងឆេះព្រៃអាម៉ាហ្សូន

  • 2019-08-22 07:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីក្រុង​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ប្រេស៊ីល បាន​ប្រែ​ក្លាយ​ជា​ងងឹត​ស្លុប​ភ្លាម​ៗ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​ក្រោយ​ពេល​ដែល​ផ្សែង​ខ្មៅ​ពី​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​គ្រប​ដណ្ដប់​ទីក្រុង​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​កាសែត Folha de S.Paulo ឲ្យ​ដឹង​ថា​ទីក្រុង Sao Paulo ​បាន​ប្រែ​ក្លាយ​ជា​ងងឹត​ស្លុប​កាល​ពី​វេលា​ម៉ោង ៣​រសៀល​ហើយ​បន្ដ​អស់​រយៈ​ពេល​ជាង ១​ម៉ោង។ ចំណែក​ឯ​អាជ្ញាធរ​ក្រុង​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ដែល​មាន​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ឯណោះ។ ផ្សែង​ដែល​ហ៊ុយ​មក​គ្រប​ដណ្ដប់​ទីក្រុង​ធ្វើ​ឲ្យ​ប្រែ​ជា​ងងឹត​ស្លុប​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​អំពី​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​តំបន់​ត្រូពិច​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "សួតរបស់ផែនដី”។ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន គឺ​បណ្ដាល​មក​ពី​សកម្មភាព​របស់​មនុស្ស​ដុត និង​គ្រោះ​រាំង​ស្ងួត។

បើ​គិត​មក​ទល់​ពេល​នេះ ស្ថិតិ​បង្ហាញ​ថា​ភ្លើង​បាន​ឆេះ​ព្រៃ​អស់​ប្រមាណ​ជា​ជាង ២ ២០០​គីឡូម៉ែត្រ​ការ៉េ​ហើយ​ក្រោយ​បន្ដ​ឆាប​ឆេះ​អស់​រយៈ​ពេល ២​សប្ដាហ៍ ខណៈ​ពេល​ដែល​មាន​ការ​រិះ​គន់​ជា​ច្រើន​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន៕

ប្រភព៖ Inverse ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;