ក្រុមហ៊ុន​សំណង់ នៅ​ខេត្ត​ព្រះសីហនុ មិន​អនុវត្ត​តាម​កាតព្វកិច្ច នឹង​ត្រូវ​ផ្អាក

  • 2019-08-27 02:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក ឡៅ ទិព្វសីហា រដ្ឋលេខា​ធិការ​ក្រសួង​ដែន​ដីន​គរូបនីយកម្ម និងសំណង់ ជា​ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តី​ពី​វិធាន​ការ​ចំពោះ​ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែល​មិន​អនុវត្ត​តាមកាតព្វកិច្ច និង​លក្ខខណ្ឌ​តម្រូវ​ដោយ​បទដ្ឋាន​បច្ចេកទេស ដោយ​មាន​ការ​ចូលរួមពីអ្នកម៉ៅការសំណង់ អ្នក​លក់​សម្ភារៈសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន​ប្រសាសន៍​ថា ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម សំណង់​ដែល​មិន​អនុវត្ត​តាម​កាត​ព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយ​បទដ្ឋាន​បច្ចេកទេស​សំណង់​នៅ​តាម​ការដ្ឋាននានាក្នុងខេត្តព្រះសីហនុ ការដ្ឋាន​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​សាងសង់ ​និង​ក្រុមហ៊ុន​សាងសង់​ត្រូវ​ចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ។

លោក​បាន​បន្ត​ថា កន្លង​មក​ក្រុមការងារបច្ចេកទេសរបស់ក្រសួងដែនដី បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​ការ​ត្រួត​ពិនិត្យ​សំណង់ជាង ៥០០កន្លែងនៅខេត្តព្រះសីហនុ ជាក់​ស្តែង​បាន​រក​ឃើញ​ការដ្ឋាន ១៤ គ្មាន​គុណភាព ត្រូវ​រុះរើសំណង់ចេញ និង ៧០ការ​ដ្ឋាន​ផ្សេង​ទៀត​ត្រូវ​ធ្វើកោសល​វិច្ច័យ​ពី​ក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ តម្រូវឱ្យ​ក្រុមហ៊ុន ម៉ៅការ​ត្រូវ​អនុវត្ត​តាម៖

  • អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងដែនដី 
  • អ្នកម៉ៅការសាងសង់ សុំច្បាប់អនុញ្ញាតតាម លក្ខណបច្ចេកទេស 
  • អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹម ត្រូវ នៅតាមការដ្ឋានរបស់ខ្លួន

លោក អភិបាលខេត្ត ក៏​បាន​បញ្ជាក់​បន្ថែម​ថា​រាល់​ម្ចាស់​ការ​ដ្ឋាន​ណា​ដែល​មិន​បាន​សហការ​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាលខេត្តក្នុងការចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយ អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​មិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយ​បទដ្ឋាន​បច្ចេក​ទេស​សំណង់ នឹង​ចុះផ្អាក​ការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន៕

ចុចអាន៖

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;