មេបញ្ជាការ​កងទ័ព​ជើងគោក​ បិទ​វគ្គ​បំប៉ន​ជំនាញ​បាញ់​កាំភ្លើង​ដៃ

  • 2019-08-31 01:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​ជើងគោក បាន​អញ្ជើញ​បិទវគ្គបំប៉ន​ជំនាញ​បាញ់​កាំភ្លើងដៃ កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ២០១៩ និង​បើកវគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ​រយៈពេលខ្លី ជំនាន់​ទី១ នៅ​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេជោ​សែន ភ្នំធំ​ម្រះព្រៅ ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ​២០០១៩។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ផែនការ​នៃការ​ជ្រើសរើស​និងបណ្ដុះបណ្ដាល​យោធាចារ្យគឺ​សំខាន់ណាស់ គឺត្រូវផ្ដល់​នូវគុណភាពឲ្យចំគោលដៅ​ជាជាង​បរិមាណ ដែលត្រូវ​បណ្ដុះបណ្ដាល​ជាជំហានៗ ហើយ​ជាប់​ជាប្រចាំ។ គោលការណ៍​នៃ​ការ​ជ្រើសរើស​ និង បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ដែល​ត្រូវធ្វើ​ជាយោធាចារ្យ​ដោយផ្ដោតលើ​អ្នកបាន​បញ្ចប់​ជំនាញ​ប្រកបដោយ​លទ្ធផល​ល្អ មាន​ចំណេះដឹង សមត្ថភាព ភាពទទួល​ខុសត្រូវ​ជាគ្រូគេ ព្រោះ​យោធាចារ្យ​ម្នាក់ៗ​ត្រូវបង្កើត​ចំណេះ​ឱ្យ​អ្នកបន្តទៀត​យកទៅប្រើប្រាស់​នៅលើ​សមរភូមិ និង​ការពារ​ខ្លួនឲ្យ​មាន​សុវត្ថិភាព។

ការបណ្ដុះបណ្ដាល​ត្រូវផ្ដោត​លើ​កត្តា៣សំខាន់​គឺសាលា​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អ មាន​ឯកសារ​ល្អ និង​យោធាចារ្យ​មាន​ជំនាញ​ច្បាស់។

លោកបាន​បន្ត​ថា ការបើក​វគ្គបណ្តុះ​បណ្តាល​នាពេល​នេះ ពិតជា​ឆ្លើយតប​ទៅនឹង​គោលបំណង និង​សំណូមពរ​ភារកិច្ច​លើ​ការងារ​ហ្វឹកហ្វឺន ស្របនឹង​ផែនការ​របស់​អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដែលបានដាក់​ចេញ រួមមាន ការហ្វឹកហ្វឺន​លើក​កម្ពស់​សមត្ថភាព, កសាង​ធនធាន​មនុស្ស​គ្រប់ជំនាញ​ដល់​យោធិន នៃកង​យោធពលខេមរភូមិន្ទ ជាពិសេស​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​គរុកោសល្យយោធាចារ្យ ដើម្បី​បំពេញក្របខណ្ឌ​ដល់បណ្តា​សាលា​ចំណុះ​កងទ័ព​ជើងគោក និងពង្រឹង​រចនាសម្ព័ន្ធ​ការងារ​ហ្វឹកហ្វឺន​គ្រប់​បណ្តា​សាលា ទាំងការ​គ្រប់គ្រង​ធនធាន​មនុស្ស, ទាំងទីលាន​ហ្វឹកហាត់ និងមូលដ្ឋាន​សម្ភារៈ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​ឱ្យមាន​ប្រសិទ្ធភាព។

មេបញ្ជាការ​កងទ័ព​ជើងគោក បាន​លើកឡើង​ថា វគ្គបណ្តុះបណ្តាល​យោធាចារ្យ​រយៈពេល​ខ្លី ជំនាន់ទី១ នាពេល​នេះ គឺជាសមិទ្ធផល​នៃកិច្ចសហការ​យ៉ាងជិតស្និទ្ធ​រវាង​បញ្ជាការដ្ឋានទ័ព​ជំនាញ, ការិយាល័យ​ជំនាញ, និងបណ្តា​កង​ឯកភាព​ពាក់ព័ន្ធ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ព្រមទាំងមាន​ការជួយ​ឧបត្ថម្ភ​ផ្តល់គ្រូ​ជំនាញ​ផងដែរ​ពីសំណាក់បណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន ដែលទាំងនេះស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរបស់គ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេរមភូមិន្ទ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ជាពិសេសយោធាចារ្យវ័យក្មេងនៅតាមបណ្តាសាលា ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅកសាងជួរកងកម្លាំងបន្តវេននាពេលបច្ចុប្បន្ន និងទៅអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការងារកែទម្រង់កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា ជំនាញ​បាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន គឺជាការប្រកួតជំនាញប្រយុទ្ធបាញ់កាំភ្លើង រវាងកងកម្លាំងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រកួតសាកល្បង និងបង្កើនសមត្ថភាពជំនាញប្រយុទ្ធបាញ់កាំភ្លើង និងស្មារតីបំពេញការងារជាក្រុម។ កម្មវិធីនេះ ក៏ជាឱកាសមួយសម្រាប់កងកម្លាំងកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានជួបប្រាស្រ័យទាក់ទង ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងនាមជាយុទ្ធមិត្ត ដែលមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;