រកឃើញទីតាំងបើកការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
- 2019-09-18 04:28:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញទីតាំងបើកការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់អាមេរិកមួយក្រុមបានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋបានរកឃើញទីតាំងមួយនៅខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលពួកគេសង្ស័យថាជាទីតាំងបង្ហោះដ្រូន និងមីស៊ីល ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ ពោលគឺមិនមែនបាញ់ចេញពីប្រទេសយែមែន ដូចការអះអាងមុនៗ។
មន្រ្តីខាងលើបាននិយាយបន្ថែមទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីតមិនបានបាញ់ទម្លាក់ដ្រូន និងមីស៊ីលទាំងនេះទេ ដោយសារប្រព័ន្ធនេះគឺបានបែរទៅរកប្រទេសយេមែនដែលធ្លាប់បាញ់មីស៊ីលកាលពីពេលកន្លងមក។
ក្រុមឧទ្ទាម Houthi ដែលមានសញ្ជាតិយេមែន ហើយមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅតំបន់ Abqaiq និងតំបន់អណ្ដូងប្រេង Khurais ។ ពួកគេក៏បានធ្លាប់វាយប្រហារប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីមុន តែខុសពីលើកមុនត្រង់មីស៊ីលលើកនេះបានហោះពីទិសខាងជើង ដោយកាលពីមុនហោះពីទិសខាងត្បូង ធ្វើឲ្យគេសង្ស័យថាមិនមែនបាញ់ពីប្រទេសយេមែនទេ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានច្រានចោលការចោទប្រកាន់ ដោយលោកបាននិយាយថា ការវាយប្រហារនេះគឺជាទង្វើសងសឹករបស់ប្រជាជនយេមែនទៅអារ៉ាប៊ីសាអ៊ូឌីតវិញ។
ក្រោយការវាយប្រហារនេះ តម្លៃប្រេងអារ៉ាប់បានកើនឡើង ២០% រហូតឈានដល់ ៧១,៩៥ ដុល្លារ ក្នុងមួយបារ៉ែល។ រដ្ឋមន្ត្រីក្រសួងប្រេងអារ៉ាប៊ីសាអ៊ូឌីត បានរំពឹងថាផលិតកម្មប្រេងនឹងដំណើរការពេញលេញវិញនៅចុងខែនេះ។ ចំពោះការខូចខាតរបស់រោងចក្រប្រេងនេះ ត្រូវបានស្ដារឡើងវិញបានពាក់កណ្ដាលហើយ៕