ប៉ុន្មានថ្ងៃប៉ុណ្ណោះ! តៃវ៉ាន់ បាត់បង់​មិត្ត​ដល់ទៅ​២ប្រទេស

  • 2019-09-20 09:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តៃវ៉ាន់ បាន​បាត់បង់​សម្ព័ន្ធមិត្ត​ការទូតមួយ​ទៀតហើយ ក្នុង​សប្តាហ៍នេះ គឺ​ប្រទេស គីរីបាទី (Kiribati) ដោយ​សារតែ​ប្រទេសនេះ ​ងាកទៅ​ចងមិត្ត​ជាមួយ​ប្រទេស​ចិន។

រដ្ឋមន្រ្តី​ការបរទេស​តៃវ៉ាន់ លោក Joseph Wu បាន​ប្រកាស​នៅថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​ថា តៃវ៉ាន់ បាន​កាត់ផ្តាច់​ចំណង​ការទូត​ជាមួយ Kiribati ហើយ​បិទ​ស្ថានទូត​ក្នុង​ប្រទេស​នេះ​ភ្លាមៗ​តែម្តង។

លោក​បង្ហាញ​ការសោកស្តោយ និងថ្កោលទោស​ចំពោះ​ការសម្រេច​ចិត្តរបស់ Kiribati បែបនេះ ដោយចោទ​ប្រធានាធិបតី​ប្រទេសនេះ​ថា បាន​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​តៃវ៉ាន់​យ៉ាងច្រើន​សម្បើម ក្នុងការ​ទិញ​យន្តហោះ​ពាណិជ្ជកម្ម តែ​បែរទៅជាភ្ជាប់និស្ស័យ​ជាមួយ​ក្រុងប៉េកាំង​ទៅវិញ។

យ៉ាងណាក៏ដោយ ការប្រកាស​ផ្តាច់ទំនាក់ទំនង​របស់​តៃវ៉ាន់​នេះ គឺធ្វើឡើង​មុនពេលដែល​រដ្ឋាភិបាល Kiribati ​ប្រកាស​ជាផ្លូវការ​នូវការ​សម្រេច​ចិត្ត​ក្នុងការ​ផ្តាច់ការទូត​ពី​ខ្លួន។

សូមរំលឹក​ថា រដ្ឋាភិបាល​កោះសូឡូម៉ង់ (Solomon Island) កាលពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ បានធ្វើការ​បោះឆ្នោត​ដើម្បី​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​រយៈពេល៣៦ឆ្នាំ​មកនេះ ហើយទៅ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​ចិន​វិញ។

ការ​ផ្តាច់​ទំនាក់ទំនង​ប្រទេស​ទាំង២​នេះ ធ្វើឱ្យ​តៃវ៉ាន់ នៅសល់​សម្ព័ន្ធមិត្ត​ចំនួន១៥​តែ​ប៉ុណ្ណោះ។ បើគិត​ចាប់តាំងពី​ការឡើងកាន់​អំណាច​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងឆ្នាំ​២០១៦​មក ប្រទេស​ចំនួន៧​ហើយ ដែលបាន​ផ្តាច់ការទូត​ជាមួយ​តៃវ៉ាន់ ទៅចង​មិត្ត​ជាមួយចិន៕

ចុចអាន៖ កោះសូឡូម៉ង់សម្រេច​បោះបង់​តៃវ៉ាន់​ដោយគ្មាន​ស្រណោះ ទៅឱប​ចិន​ហើយ

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;