មិនមែនជាគូស្នេហ៍ តែតារាប្រុសស្រីចិនទាំងនេះរាប់អានគ្នាលើសពីពាក្យថាមិត្តទៅទៀត
- 2019-09-25 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនជាគូស្នេហ៍ តែតារាប្រុសស្រីចិនទាំងនេះរាប់អានគ្នាលើសពីពាក្យថាមិត្តទៅទៀត
ចន្លោះមិនឃើញ
ក្នុងពិភពសិល្បៈ កម្ររកបានមិត្តភ័ក្ដិដែលយល់ចិត្ត និងរាប់អានដោយស្មោះស្ម័គ្ររយៈពេលយូរណាស់ ព្រោះពួកគេធ្វើការជាមួយមនុស្សជាច្រើន ប៉ុន្តែបើអាចរកបានមិត្តល្អដែលជាអ្នកសិល្បៈដូចគ្នា ចាត់ទុកថាជាមនុស្សសំណាងហើយ ពិសេសរវាងតារាប្រុស និងតារាស្រី។ ជំនួសពីទំនាក់ទំនងស្នេហា តារាប្រុសស្រីខាងក្រោមនេះសម្រេចបង្កើតមិត្តភាពដ៏ល្អ រាប់អានគ្នាយូរឆ្នាំ ស្រឡាញ់គ្នាដូចបងប្អូន មិនខ្វល់នឹងចចាមអារ៉ាមខុសការពិត និងគ្មានថ្ងៃឆ្លងខ្សែបន្ទាត់ឈានទៅរក «សម្ព័ន្ធភាពស្នេហា" បានឡើយ។
១. Alec Su និង Ruby Lin
អ្នកទាំង ២ជួបគ្នាក្នុងរឿង "ព្រះនាងយ៉េយ៉េ” មកទល់ពេលនេះវាមានរយៈពេល ២២ឆ្នាំហើយ ប៉ុន្តែពួកគេនៅតែអាចរក្សាចំណងមិត្តភាពនឹងគ្នាបានយ៉ាងរឹងមាំ។ តាំងពីជួបរួមការងារជាមួយគ្នាដំបូងមក ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងការស្រឡាញ់រាប់អានដែលពួកគេផ្ដល់ឲ្យគ្នា ព្រោះ Alex និង Ruby ស្និទ្ធគ្នាខ្លាំងណាស់។ ទៅចូលរួមកម្មវិធីម្ដងៗកម្របាត់មុខមិត្តល្អ១គូនេះណាស់ ហើយជារឿយៗពួកគេក៏តែងចំណាយពេលទៅញ៉ាំអីជាមួយគ្នា ជជែកគ្នារឿងនេះរឿងនោះ ហើយឲ្យតែមានកម្មវិធីអ្វី អ្នកទាំង ២តែងអញ្ជើញគ្នាទៅចូលរួមទៅវិញទៅមកមិនដែលខាន។
២. Louis Ku និង Jessica Hsuan
កាលពីដើមខែកក្កដា ឆ្នាំ ២០១៩ បណ្ដាញផ្សព្វផ្សាយមួយចំនួនបានផ្សាយព័ត៌មានថា Louis និង Jessica ត្រៀមរៀបចំពីធីមង្គលការនៅចុងឆ្នាំ។ បន្ថែមជាមួយគ្នានោះ មហាជនក៏ថែមទាំងបានបង្ហាញភស្តុតាងមួយចំនួនបញ្ជាក់ថា តារាប្រុសស្រីទាំង ២ អាចនឹងមានទំនាក់ទំនងពិសេសលើសពីពាក្យថាមិត្ត។ ប៉ុន្តែមិនយូរប៉ុន្មានពាក្យចចាមអារ៉ាមទាំងនោះក៏ត្រូវច្រានចោល ដោយអ្នកតំណាងរបស់តារាទាំង ២បញ្ជាក់យ៉ាងច្បាស់ថា Louis និង Jessica រាប់អាន និងជិតស្និទ្ធនឹងគ្នាមែន ប៉ុន្តែក្នុងនាមជាមិត្តល្អប៉ុណ្ណោះ មិនមែនជាស្នេហាទេ។ អ្នកគាំទ្រហាក់ស្រងាកចិត្តបន្តិចដែរ ព្រោះចង់ឲ្យអ្នកទាំង ២ក្លាយជាគូស្នេហ៍នឹងគ្នា តែយ៉ាងណាក៏រំភើបនឹងមិត្តភាពរវាងពួកគេ និងសង្ឃឹមថាចំណងមិត្តភាពនេះនៅតែរក្សាជារៀងរហូត។
៣. Li Bingbing និង Quan Ren
ក្រោយពីបានជួប និងស្វាគមន៍គ្នាដំបូងកាលពីឆ្នាំ ១៩៩៣ Bingbing និង Quan Ren ក៏បានក្លាយជាមិត្តល្អនឹងគ្នាតាំងពីនៅជាសិស្ស។ ជាក់ស្ដែងក្រោយបញ្ចប់ការសិក្សា Quan Ren គិតថាខ្លួនមិនសមនឹងអាជីពសិល្បៈ ទើបលោកសម្រេចចូលក្នុងវិស័យជំនួញ តែជាអកុសលលោកក៏បរាជ័យទៀត។ ឃើញដូចនេះ Li Bingbing ដែលជាមិត្តមិនបានបន្ទោសអ្វីទេ មានតែផ្ដល់កម្លាំងចិត្ត និងស្វែងរកវិធីជួយមិត្តល្អរបស់ខ្លួនម្នាក់នេះ។ នាងក៏បានលួចប្រមូលឯកសាររបស់ Quan Ren ស្ងាត់ៗ និងណែនាំលោកទៅឲ្យក្រុមហ៊ុនមួយ។ ចាប់តាំងពីពេលនោះមក ពួកគេក៏បានរួមការងារជាមួយគ្នាក្នុងវិស័យសិល្បៈ។ រាប់អាន និងជួយគ្នាបែបនេះ ដូចនេះអាចនិយាយបានថា Li Bingbing គឺជាគ្រួសារទី២ សម្រាប់ Quan Ren។ មួយវិញទៀតទោះបីកន្លងមកអ្នកទាំង ២រងព័ត៌មានទាក់ទងស្រឡាញ់គ្នា ក៏ពួកគេមិនខ្វល់ឈឺក្បាល ព្រោះពួកគេយល់ច្បាស់ពីខ្សែបន្ទាត់រវាងមិត្ត និងមិត្ត។
៤. Chen Kun និង Zhou Xun
តារាសម្ដែងទាំង ២បានជយបរួមការងារជាមួយគ្នាដំបូងកាលពីឆ្នាំ ២០០១ តាមរយៈរឿងមានចំណងជើងថា "Love Story In Shanghai”។ ឱកាសបានសម្ដែងនឹងគ្នាក៏មានច្រើនជាបន្តបន្ទាប់ រហូតធ្វើឲ្យចំណងមិត្តភាពរបស់ពួកគេកាន់តែរឹងមាំឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនដឹងខ្លួន។ ដោយសារពាក្យសម្ដី និងកាយវិការយកចិត្តទុកដាក់ស្ទើរគ្រប់ពេលរបស់អ្នកទាំង ២ដែលធ្វើដាក់គ្នា បានបង្កឲ្យមានការសង្ស័យថាពួកគេទំនងជាមានស្នេហានឹងគ្នា មិនមែនជាមិត្តនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា និស្ស័យកើតមកសម្រាប់តែធ្វើជាមិត្ត ពិតជាមិនអាចធ្វើឲ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នាបានទេ ទោះបីមហាជនច្រើនលើសលប់គាំទ្រឲ្យពួកគេស្រឡាញ់គ្នាក៏ដោយ៕