កូនស្រី​លោក​​ត្រាំ គ្រប់គ្រាន់នឹង​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឬនៅ?

  • 2019-10-18 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកស្រី Ivanka Trump ដែល​ត្រូវជាកូនស្រីបង្កើតរបស់ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះត្រូវបាន​គេ​មើលឃើញ​ថា អាចនឹងចូលរួម​ប្រកួតប្រជែង​ឈរឈ្មោះជាបេក្ខជន​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ​២០២០។

ក្រៅពីជាកូនស្រី​បង្កើត បច្ចុប្បន្ន អ្នកស្រី Ivanka គឺ​ជាទីប្រឹក្សានយោបាយជាន់ខ្ពស់​របស់​លោក ដូណាល់ ត្រាំ។ ក្នុងតួនាទីដែរ អ្នកស្រី​បាន​ចូលរួម​ព្រឹត្តិការណ៍​ផ្លូវការធំៗជាច្រើន និង​កម្មវិធីដែល​តំណាង​ឱ្យឪពុក និង​យុទ្ធនាការ​នានា​សម្រាប់​គំនិតផ្តួចផ្តើម​របស់​សេតវិមាន។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺអ្នកស្រីបានចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្រុងអូសាកា ប្រទេសជប៉ុន កាលពី​ចុងខែមិថុនាកន្លងទៅ​ទៀតផង។

ចុចអាន៖ បណ្តុំ​រូបភាព៖ សម្លៀក​បំពាក់​របស់​កូនស្រី​លោក​ដូណាល់ ត្រាំ ទាក់ទាញ​ខ្លាំង​នៅ​ UN

អ្នកកាសែតមួយរូបឈ្មោះ Michael Wolff បាន​សរសេរអះអាង​ក្នុង​សៀវភៅរបស់​គាត់​ថា ប្រធានាធិបតី​ស្រ្តីអាមេរិកទី១ ពុំមែនជា Hillary Clinton ទេ គឺអាចជា Ivanka Trump។

ដើម្បី​ចូលរួម​ប្រជែងឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតី​អាមេរិក បេក្ខជន​ត្រូវមាន​អាយុយ៉ាងតិច ៣៥ឡើង​ទៅ និងរស់នៅក្នុងសហរដ្ឋអាមេរិក បាន​រយៈពេល ១៤ឆ្នាំ ខណៈអ្នកស្រី Ivanka មានវ័យ ៣៧ឆ្នាំហើយ ដែល​ចាប់កំណើត​នៅក្រុងញ៊ូវយ៉ក។ មិនតែប៉ុណ្ណោះ អ្នកស្រី​ក៏ជាតួអង្គដ៏សំខាន់មួយផងដែរ ដែលជួយ​លោក ដូណាល់ ត្រាំ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦។

អ្នកស្រី​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ​២០០៤។ អ្នកស្រី​បាន​រៀបការ​ក្នុងឆ្នាំ​២០០៩ ជាមួយ​លោក Jared Kushner ដែល​ជាអ្នកជំនួញម្នាក់ និងជាទីប្រឹក្សាលោក ដូណាល់ ត្រាំ ផងដែរ។

អតីតភាព​របស់​អ្នកស្រី ធ្លាប់ធ្វើជា​តារា​ម៉ូឌែល ព្រមទាំង​ការងារ​មួយចំនួន​ទៀតផងដែរ។ អ្នកស្រី​ធ្លាប់ជាម្ចាស់ហាងសម្លៀកបំពាក់ ស្បែកជើង កាបូប និង​គ្រឿងអលង្ការ​ផងដែរ ប៉ុន្តែ​ត្រូវបាន​បិទទ្វារអស់ហើយ​ដោយ​សារ​បញ្ហាផ្សេងៗ ហើយ​ពេលនេះ​អ្នកស្រី​ផ្តោតតែ​ទៅលើ​ការងារ​ជាទីប្រឹក្សាឪពុក​តែប៉ុណ្ណោះ។

សៀវភៅ២ក្បាល​ដែលអ្នកស្រី​បាន​សរសេររួមមាន៖

១. The Trump Card: Playing to Win in Work and Life

២. Women Who Work: Rewriting the Rules for Success៕

ប្រភព៖ Express ប្រែ​សម្រួល៖ សំភី

;