ចិន សន្យាផ្ដល់ជំនួយ ៨៤លានដុល្លារសម្រាប់វិស័យការពារជាតិកម្ពុជានៅឆ្នាំ ២០២០
- 2019-10-24 02:13:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន សន្យាផ្ដល់ជំនួយ ៨៤លានដុល្លារសម្រាប់វិស័យការពារជាតិកម្ពុជានៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
ក្រសួងការពារជាតិ នៃប្រទេសចិន បានសន្យាផ្ដល់ជំនួយចំនួន ៨៤លានដុល្លារ សម្រាប់វិស័យការពារជាតិកម្ពុជានៅឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងដោយថ្នាក់ដឹកនាំចិន ក្នុងឳកាសដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ នៅប្រទេសចិន ពីថ្ងៃទី ១៨-២២ ខែតុលា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ច សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ និងវេទិកាយោធា «សៀងសាន ប៉េកាំង លើកទី៩» ដែលចូលរួមដោយថ្នាក់រដ្ឋមន្ត្រី, ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ និងក្រុម ជំនាញប្រឹក្សាយោធាកំពូល ដែលគេបាន អញ្ជើញពី ១០០ប្រទេសដើម្បីចូលរួម។
សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងដំណើរវិលត្រឡប់មកដល់រាជធានីវិញ កាលពីរសៀលថ្ងៃទីទី២៣ ខែតុលា បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា រដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈក្រសួងការពារជាតិ នៃប្រទេសចិន បានសន្យាថា នឹងផ្តល់ជំនួយឥតសំណងទ្វេដងដល់វិស័យការពារជាតិកម្ពុជា សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ គិតជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង ៨៤លានដុល្លារ។
សម្តេចពិជ័យសេនាបានថ្លែងថា សម្តេច និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានចុះហត្ថលេខាបន្ថែមលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពនៃប្រទេសទាំងពីរ។ ហើយបានពិភាក្សាគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើបញ្ហាសន្តិសុខទាំងក្នុងតំបន់ និងពិភពលោក ផងដែរ។
ប្រមុខការពារជាតិកម្ពុជា ក៏បានចាត់ទុកជំនួយឥតសំណងដែលរដ្ឋាភិបាលចិនបានជួយលើវិស័យការពារជាតិ គឺជាការបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា–ចិន កាន់តែរឹងមាំនិងជិតស្និទ្ធបន្ថែមទៀត ខណៈបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំង២ប្រៀបបានដូចជាដែកថែបហើយនោះ៕