មនុស្ស​ជាង ១ពាន់នាក់ អបអរសាទរភាពជោគជ័យក្នុង​ការ​អភិរក្សសត្វផ្សោតទន្លេមេគង្គ

  • 2019-10-28 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំនេះ ជាទិវាដែលធំបំផុតដែលមិនធ្លាប់បានប្រារព្ធធ្វើពីមុនៗមក ដោយ មាន​អ្នក​ចូលរួមក្នុងកម្មវិធីប្រហែលជាង ១០០០ នាក់ ហើយវាជាលើកដំបូងបំផុតដែលទិវានេះ មាន​ការ​ចូល​រួមពីក្រុមហ៊ុនឯកជនធំៗ និង​បន្ត​ក្តីសង្ឃឹម​ដែល​ចំនួន​សត្វផ្សោត​ទន្លេ​មេគង្គ​អាច​ស្តារ​ឡើង​វិញ​បាន​នៅ​ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។

ទិវាសត្វផ្សោតទន្លេមេគង្គដែលប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ ខែតុលា ឆ្នាំ២០១៩ នឹង​ប្រមូល​ផ្តុំអ្នកចូលរួមប្រមាណជាង ១០០០ នាក់ ដែលជាតំណាងមកពីស្ថាប័នរាជរដ្ឋាភិបាល ក្រុម​ហ៊ុន​ឯកជន អង្គការដៃគូ សិស្សនិស្សិត យុវជន សហគមន៍ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ក្នុង​ទីរួម​ខេត្ត​ក្រចេះ។

ក្នុងឆ្នាំ២០១៨ អង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងដៃគូអភិរក្សនានា បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ចំពោះ​កំណើនចំនួនសត្វផ្សោតទន្លេមេគង្គជាលើកដំបូងបំផុតក្នុងរយៈពេល ២០ ឆ្នាំ។ លទ្ធផល​នៃការអង្កេតចំនួនសត្វផ្សោតទន្លេមេគង្គឆ្នាំមុន យើង​បាន​ឃើញ​នូវ​របត់​ផ្លាស់​ប្ដូរ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​សត្វផ្សោតទន្លេមេគង្គ។

ការធ្លាក់ចុះនៃចំនួនសត្វផ្សោតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជា​ចុង​ក្រោយ​អាច​កើន​ឡើង​វិញ​ជា​លើក​ដំបូងបង្អស់” ប្រសាសន៍របស់លោក សេង ទៀក នាយក​អង្គការ WWF-កម្ពុជា។ ទិវាសត្វ​ផ្សោត​ទន្លេ​មេគង្គជាឱកាសមួយដើម្បីអបអរសាទរភាពជោគជ័យ និង​ការ​បន្តភាព​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការធានាបានថាសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជានៅតែគង់វង្ស តាមរយៈ​កិច្ច​ប្រឹង​ប្រែង​ធ្វើការ​រួម​គ្នាជាមួយរដ្ឋាភិបាល ដៃគូអភិរក្ស សហគមន៍មូលដ្ឋាន និងវិស័យឯកជន។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលកម្ពុជា នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បាន​និយាយ​ថា «យើង​បាន​ទទួល​លទ្ធផល​ជាប្រវត្តិ​សាស្ត្រ​ក្នុងការងារ​អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើងទាំងអស់គ្នា» ។ លោក​បាន​បន្ថែម​ថា លោក​នឹង​បន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បី​ដោះ​ស្រាយ​បញ្ហាប្រឈមនានា ហើយសង្ឃឹមថា​នឹង​អាចទទួលបានលទ្ធផលល្អមួយកម្រិតទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;