រកឃើញផូស៊ីលដើមឈើប្រវែង ១៤ម៉ែត្រនៅតំបន់ការពារធម្មជាតិខេត្តរតនគីរី
- 2019-10-31 01:37:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញផូស៊ីលដើមឈើប្រវែង ១៤ម៉ែត្រនៅតំបន់ការពារធម្មជាតិខេត្តរតនគីរី
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវបុរាណវិទ្យា បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ បានប្រវែង១៤ម៉ែត្ររួចហើយនៅលើទីតាំងគម្រោងស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងស្រុកលំផាត់ ខេត្តរតនគីរីកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
ប្រធានការិយាល័យ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្រ្តលើកទី០១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគីរី មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកំលាំងប្រដាប់អាវុធ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ។ លោក បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារវប្បធម៌ប្រវត្តិសាស្រ្តមួយនៅកម្ពុជា។
លោក សៀង សុថា អតីតប្រធាននាយកដ្ឋានភូគព្ភសាស្រ្តក្រសួងរ៉ែ និងថាមពល បានចូលរួមដោយស្ម័គ្រចិត្តជាមួយក្រុមការងារដោយយល់ថាជាគម្រោងមានសារ:សំខាន់សម្រាប់ការស្រាវជ្រាវរកឃើញផូស៊ីលឈើថ្ម ដែលអាចកើតឡើងមានអាយុរាប់លានឆ្នាំ។ លោកជំនាញផ្នែកដីនេះរូបនេះបានបញ្ជាក់ ការរកឃើញថ្មីនេះជាប្រយោជន៍សំខាន់នៃការសិក្សាស្រាវជ្រាវរបស់ជំនាន់ក្រោយ និងបង្ហាញពីការវិវត្តន៍ថ្មីនៃការស្រាវជ្រាវរបស់កម្ពុជាលើកំណាយសិក្សាលើផូស៊ីលឈើ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែមដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើចំនួន ១៨កន្លែងផ្សេងទៀតក្បែរនោះសង្ស័យមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។