សម្តេច ហ៊ុន សែន ស្នើសុំនាយករដ្ឋមន្រ្តីចិន ១ចំណុច ពាក់ព័ន្ធនឹងខេត្តព្រះសីហនុ
- 2019-11-04 01:28:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ស្នើសុំនាយករដ្ឋមន្រ្តីចិន ១ចំណុច ពាក់ព័ន្ធនឹងខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងជំនួបនេះ សម្ដេចតេជោបានស្នើដល់ភាគីចិនក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិននឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ លោកនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ ហើយលោកមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ។
ក្រៅពីនេះ ទាក់ទងនឹងកិច្ចប្រជុំលើកទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរ នោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។
ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះជាឆ្នាំ ដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងរួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន