កម្ពុជា និងថៃ នឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងចាប់ពីដើមឆ្នាំក្រោយ
- 2019-11-20 08:23:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា និងថៃ នឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងចាប់ពីដើមឆ្នាំក្រោយ
ចន្លោះមិនឃើញ
គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ផ្ដល់ពត៌មានថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០។ ប្រទេសថៃ និងប្រទេសកម្ពុជានឹងរងនូវការវាយប្រហារនេះខ្លាំងជាងប្រទេសឡាវ និងប្រទេស វៀតណាម។
ការវិភាគទិន្នន័យបឋមរបស់ MRC បានបង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី។ ជាធម្មតា ភ្លៀងមូសុងតែងតែចាប់ផ្តើមធ្លាក់នៅចុងខែឧសភា និងបញ្ចប់នៅក្នុងខែតុលា។ ប៉ុន្តែក្នុងឆ្នាំនេះ វាចាប់ផ្ដើមធ្លាក់យឺត ជិតពីរសប្តាហ៏ និងឈប់ធ្លាក់ប្រហែលបីសប្តាហ៏មុនពេលកំណត់។
លោកបណ្ឌិត ឡាំ ហុងសឺន ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដែលដឹកនាំការវិភាគនេះ មានប្រសាសន៍ថា «អាកាសធាតុស្ងួតរយ:ពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម។ បញ្ហាកង្វះទឹកប្រើប្រាស់អាចនឹងកើតមាន ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត»។
ផ្អែកលើទិន្នន័យរយ:ពេលបីខែ ការវិភាគនេះបានផ្តោតលើប្រូបាប និងកម្រិតនៃភាពរាំងស្ងួត រួមទាំងទឹកភ្លេងដោយធៀបទៅនឹងទិន្នន័យឆ្នាំចាស់ហៅថាសន្ទស្សន៍ស្តង់ដារទឹកភ្លៀង (SPI) និងកម្រិតស្ងួតនៃស្រទាប់ខាងលើដី ហៅថាសន្ទស្សន៍គ្រោះរាំងស្ងួតរួមគ្នា (CDI) នៅតាមបណ្តាលប្រទេសជាសមាជិករបស់ MRC ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ការវិភាគបានបង្ហាញថាដងទន្លេមេគង្គក្រោមនឹងប្រឈមគ្រោះរាំងស្ងួត ទាំងគ្រោះរាំងស្ងួតកំណត់ដោយឧតុនិយម ស្ថានភាពមួយដែលបានកើតឡើងនៅពេលលំនាំអាកាសធាតុស្ងួតបានគ្របដណ្ដប់លើតំបន់មួយចំនួន ក្នុងរយ:ពេលមួយ និងគ្រោះរាំងស្ងួតដែលប៉ះពាល់វិស័យកសិកម្ម ស្ថានភាពនេះកើតឡើងនៅពេលផលដំណាំអាចនឹងរងផលប៉ះពាល់។ ក្នុងកំឡុងសប្តាហ៍ទី៣ និងទី៤ ខែវិច្ឆិកា គេព្យាករណ៍ថាតំបន់មួយភាគធំនៃដងទន្លេមេគង្គក្រោមនឹងរងផលប៉ះពាល់ពីស្ថានភាពនេះ។
គ្រោះរាំងស្ងួតនឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើងចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២០ ដោយនៅតាមតំបន់ជាច្រើននៃដងទន្លេមានភ្លៀងធ្លាក់តិចតួច ឬគ្មានភ្លៀង។ តំបន់ភាគខាងជើង និងតំបន់ឦសាននៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃ ឡឺយ ណុងបូឡាំភូ ឧដនថានី ខនកែន ឆាយ៉ាភូមិ សាកនណាខន ណាខនរ៉ាត់ឆាសីម៉ា បុរីរាំ មាហាសារខាំ សុរិន និង ស៊ីសាកេត ក៏ដូចជាតំបន់ភាគ ឥសាននៃប្រទេសកម្ពុជា រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរៀប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត។
តំបន់ភាគកណ្តាល និងខាងជើងនៃប្រទេសឡាវ រួមមានខេត្តវៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និងខេត្តលួងប្រាបាង ក៏នឹងរងផលប៉ះពាល់នេះផងដែរ ប៉ុន្តែតិចតួចជាង។ ទោះបីមិនមានសញ្ញាបង្ហាញពីគ្រោះរាំងស្ងួតនៅដែនដីសណ្តរមេគង្គនៃប្រទេសវៀតណាម លំហូរនៃទឹកប្រែអាចនឹងក្លាយជាបញ្ហា បង្កជាហានិភ័យខ្លះៗដល់ដំណាំកសិកម្ម។
ជាការពិតណាស់ដែលគ្រោះរាំងស្ងួតឆ្នាំ ២០១៩នេះ បានបណ្តាលឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយ។ តំបន់ភាគច្រើននៃដងទន្លេបានជួបប្រទះនូវលំហូរទឹកទាបគួរឲ្យកត់សម្គាល់ ចាប់ពីខែមិថុនាមក។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងទុកថាស្ថានភាពរាំងស្ងួតនឹងមានភាពប្រសើរជាងមុន បន្តិចម្តងៗ ចាប់ពីសប្តាហ៍ទី២ ខែមករា ដោយសារតែអាកាសធាតុនឹងប្រែមកមានសំណើមបន្តិចវិញ៕