ទូត EU ថ្មីនិយាយអ្វីខ្លះពេលជួបជាមួយសម្ដេច ហ៊ុន សែន?
- 2019-12-02 08:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូត EU ថ្មីនិយាយអ្វីខ្លះពេលជួបជាមួយសម្ដេច ហ៊ុន សែន?
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេច ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវបានលើកឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេច បានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។
សម្តេច បានមានប្រសាសន៍ថា «យើងគប្បីឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរ លោកជំទាវ Carmen Moreno សូមទទួលបាន នូវសុខភាពល្អ និងជោគជ័យក្នុងបេកសកកម្មថ្មីនេះ៕