កំណត់ត្រាតំណែងនាយករដ្ឋមន្ត្រីសំខាន់ៗទាំង ៥ ជុំវិញពិភពលោក

  • 2019-12-11 09:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ប្រទេស​នីមួយ​ជុំវិញ​ពិភពលោក សុទ្ធ​តែ​មាន​មេ​ដឹក​នាំ​រៀង​ៗ​ខ្លួន​មិន​ថា​ជា​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​នោះ​ទេ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​អនាគត​ប្រទេស​ជាតិ។ យោង​តាម Wiki ឲ្យ​និយមន័យ​នាយករដ្ឋមន្រ្តី​ថា ជាប្រធានខុទ្ទកាល័យនិងជាមេដឹកនាំរដ្ឋមន្រ្តីនៅក្នុងស្ថាប័នប្រតិបត្តិរបស់រដ្ឋាភិបាលដែលច្រើនតែនៅក្នុងប្រព័ន្ធសភារឺប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មី​នេះ​ៗ គេ​ទើប​រក​ឃើញ​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដែល​ទើប​ឡើង​កាន់​តំណែង​ក្នុង​ប្រទេស​ហ្វាំង​ឡង់​ និង​មាន​វ័យ​ត្រឹម ៣៤​ឆ្នាំ គឺ​អ្នក​ស្រី​ Sanna Marin។

ខាងក្រោមនេះ គឺជាកំណត់ត្រាតំណែងនាយករដ្ឋមន្ត្រីសំខាន់ៗទាំង ៥ ជុំវិញពិភពលោក ៖

១. នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​ជាង​គេ​បំផុត (កំពុងកាន់តំណែង)

លោក Mahathir Mohamad ដែល​ជា​នាយករដ្ឋមន្ត្រី​​របស់​ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន បាន​ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក។ កើតនៅថ្ងៃទី១០ ខែ​កក្កដា​ឆ្នាំ ១៩២៥ សព្វថ្ងៃ​លោក Mahathir មាន​វ័យ ៩៤​ឆ្នាំ​ហើយ​។ លោក​ត្រូវ​បាន​តែងតែ​ជា​នាយករដ្ឋមន្ត្រី​​កាល​ពី​ឆ្នាំ ១៩៨១ ហើយ​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០០៣។ លុះ​ដល់​ឆ្នាំ ២០១៨ លោក​បាន​បន្ដ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​​ជា​ថ្មី ក្រោយ​ឈ្នះ​ឆ្នោត​លើ​បក្ស​ប្រឆាំង។

២. នាយករដ្ឋមន្ត្រី​វ័យក្មេងជាងគេបំផុត

អ្នក​ស្រី Sanna Marin វ័យ ៣៤​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​នាយក​មន្ត្រី​ប្រទេស​ហ្វាំង​ឡង់ ហើយ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ អ្នក​ស្រី Sanna ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន នឹង​ត្រូវ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក Antii Rinne ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ទទួល​តួនាទី​ត្រឹម​រយៈ​ពេល ៦​ខែ​ប៉ុណ្ណោះ​ដោយ​សារ​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ដោះស្រាយ​កូតកម្ម​តាម​ប្រៃសនីយ៍។

៣. នាយករដ្ឋមន្ត្រី​មានជាងគេបំផុតក្នុងពិភពលោក

លោក Salvio Berlusconi ដែល​ជា​នាយករដ្ឋមន្ត្រី​​របស់​ប្រទេស​អ៊ីតាលី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នាយករដ្ឋមន្ត្រី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ពោល​គឺ ១១​ប៊ីលាន​ដុល្លារ។ លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​​បី​លើក​គឺ ១៩៩៤-១៩៩៥, ២០០១-២០០៦ និង ២០០៨​ដល់ ២០១១។

៤. នាយករដ្ឋមន្ត្រី​ឡើងកាន់តំណែងរយៈពេលខ្លីជាងគេបំផុត

លោក Frank Forde ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នាយករដ្ឋមន្ត្រី​​ដែលឡើងកាន់តំណែងរយៈពេលខ្លីជាងគេបំផុត​ពោល គឺ​ត្រឹម​រយៈ​ពេល ៧​ថ្ងៃ​ប៉ុណ្ណោះ។ លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តីអូស្ត្រាលី កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា​ឆ្នាំ ១៩៤៥ ហើយ​លាលែង​វិញ​នៅ​ថ្ងៃ​ទី ១៣​ខែ​កក្កដា​ឆ្នាំ​ដដែល។

៥. នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរជាងគេបំផុត

សម្តេច ហ៊ុន សែន ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរជាងគេបំផុត​ក្នុង​ពិភពលោក​គឺ​ចាប់​ពី​ឆ្នាំ ១៩៨៥ ដល់​បច្ចុប្បន្ន។ សម្តេចបាន​ឡើង​កាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៨៥​ដល់ ១៩៩៣ និង​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​ចាប់​ពី​ឆ្នាំ ១៩៩៣​ដល់ ១៩៩៨។ បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨​មក សម្តេច ហ៊ុន សែន ក៏បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​​កម្ពុជា​តែ១គត់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

អត្ថបទ ៖ រ័ត្ន

;