មីនីបៀ ផលិត​ឧបករណ៍​មួយ​បិទ​ស្លាក «Made in Cambodia» នាំចេញ​ទៅ​ទូទាំង​ពិភពលោក

  • 2019-12-12 02:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធាន​ក្រុមហ៊ុន​មីនីបៀ របស់​ប្រទេស​ជប៉ុន បាន​ឱ្យដឹង​ថា  ក្រៅពីការ​ផលិត​ម៉ូទ័រហើយ ក្រុមហ៊ុន​លោក​ទើបទទួល​បានការ​អនុញ្ញាត​ឱ្យ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​ទៀត ដែល​ផលិតផល​នេះ​គឺនឹង​បិទស្លាក​ថា «Made in Cambodia» មានន័យថាផលិត​នៅកម្ពុជា ហើយ​ផលិតផល​នេះ គឺនាំចេញ​ទៅទូទាំង​ពិភពលោក។ លោកថ្លែង​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

លោកក៏​បាន​គោរព​រាយការណ៍​ជូនសម្ដេច​តេជោ​ថា នៅឆ្នាំ​២០១៨កន្លង​មក ក្រុមហ៊ុន​របស់​លោក បានដាក់​ទុនវិនិយោគ​នៅកម្ពុជា​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៣៧២លាន​ដុល្លារ ហើយនៅឆ្នាំ២០១៩​នេះ នឹង​រីកឡើង​ទៅរហូតដល់ ៤០០លានដុល្លារ។

រហូតមកដល់​ពេល​នេះ ក្រុមហ៊ុន​មាន​កម្មករ​ចំនួន ៧ពាន់​នាក់​ហើយ ហើយដែល​ក្នុងរយៈពេលដ៏​ខ្លីខាងមុខនេះ កម្មករនឹងឈាន​ឡើងរហូតដល់​២ម៉ឺននាក់​សម្រាប់​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​របស់​លោក ហើយកម្មករ​ទាំងនោះ បាន​មកពី​ខេត្ត​ចំនួន ១០ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពាក់ព័ន្ធ​ទៅនឹង​ការ​ពិនិត្យ​ឧបករណ៍​ល្បែង​កម្សាន្ត ដែល​បិទស្លាកថា​ផលិត​នៅ​កម្ពុជា សម្ដេច​បានមាន​ប្រសាសន៍​ថា នេះជា​មោទនភាព​ណាស់ ដែល​កម្ពុជា​បាន​ឈានដល់​ការ​ផលិត​ឧបករណ៍ ហើយដាក់​ឈ្មោះថា​ផលិត​នៅកម្ពុជា ហើយ​នាំចេញ​ទៅប្រើប្រាស់ នៅ​ស្រុកក្រៅ៕

អត្ថបទ៖ សំភី

;