រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា EU នឹងពិចារណារឿង EBA ដែលអាចប៉ះពាល់ដល់កម្មការិនីជិត ១លាននាក់
- 2019-12-12 09:25:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា EU នឹងពិចារណារឿង EBA ដែលអាចប៉ះពាល់ដល់កម្មការិនីជិត ១លាននាក់
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ EBA ដែលអាចផ្តល់ផលប៉ះពាល់សង្គមដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ការចេញសេចក្តីថ្លែងការណ៍នេះ គឺក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
ក្រសួងការបរទេសបានរៀបរាប់ថា អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្នដែលបានផ្តល់ឱ្យកម្ពុជា ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ EBA»។
ក្រសួងបន្តថា សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ជាដើម៕