​រោងចក្រ​វេច​ខ្ចប់ និង​នាំចេញ​ផ្លែ​ចេក​ស្រស់​នៅ​រតនគិរី ត្រូវ​បាន​សម្ពោធ

  • 2019-12-30 02:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​រោងចក្រ​វេច​ខ្ចប់ និង​នាំចេញ​ផ្លែ​ចេក​ស្រស់​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ​អណ្ដូង​មាស​​ ហ័ង​អា​ញ​លំផាត់​ ដូនពេញ​អា​ហ្គ្រី​កូ​ និង​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​ក្រចេះរ៉ាប់​ប៊ឿ​២​ខម​ភេ​នី នៅ​ខេត្តរតនគិរី​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ក្នុង​ពិធី​នេះ ក៏មាន​លោក​អភិបាលខេត្ត​ស្ទឹងត្រែង អភិបាលរង​ខេត្ត​រតនគីរី ខេត្តក្រចេះ តំណាង​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម អាជ្ញាធរ មូលដ្ឋាន បុគ្គលិក កម្មករ​ចូលរួម​ផងដែរ​។

​ក្នុង​ព្រឹត្តិការណ៍​នេះ​លោក​ង្វៀង ក្វាន​អាន អគ្គនាយក​ និង​ជា​តំណាង​ក្រុមហ៊ុន​ទាំង​បួន បានបញ្ជាក់​អំពី​សមិទ្ធ​ផល​សំខាន់ៗ​ដែល​ក្រុមហ៊ុន​នីមួយៗ​ សម្រេចបាន​តាំងពី​ចាប់ផ្តើម​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​រហូតមកទល់​បច្ចុប្បន្ន។ ​ជាពិសេស​នោះ​គឺ​ទាក់ទង​នឹង​វឌ្ឍនភាព នៃ​ផលិតកម្ម​ពហុ​ដំណាំ និង​ដំណើរការ​នៃ​ការនាំចេញ​ចេកអំបូង​លឿង​ស្រស់​ចេញទៅ​កាន់​ទីផ្សារ ចិន​នាពេលនេះ​។ លោក​អគ្គនាយក​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុងអភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី ១៨​ពាន់​ហិចតា ក្នុង​នោះបាន​ដំណើរការ​រៀបចំ​ចំការចេក​លើ​ផ្ទៃដី​ជាង ៧០០០​ហិចតា​។ ក្នុងនោះ​ជាង ៣០០០​ហិចតា​ កំពុង​ប្រមូល​ផល ដែល​បាន​ប្រើប្រាស់​ទុនវិនិយោគ​ជាង ៤០០លាន​ដុល្លារ សម្រាប់​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ រៀបចំ​ដី ប្រព័ន្ធ​ទឹក ការរៀបចំ​កូន​ដាំ ការរៀបចំ​រចនាសម្ព័ន្ធ​ប្រមូល​ផល អនាម័យ វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក​ចំនួន​ពីរ ដោយ​រចនាសម្ព័ន្ធ​វេច​ខ្ចប់​ចំនួន ប្រាំបី​ដែល​បាន​ចែកចេញជា​ពីរ​ស្តង់ដារ​។​ គឺ​ចិន និង​ជប៉ុន​។​ល​។ ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល​ប្រើប្រាស់​ពលកម្ម​សរុប ២០០​នាក់ ដែល​មកពី​តំបន់​នេះ និង​មកពី​ខេត្ត​ជាប់​រតនគីរី​។​

លោក​បន្តថា​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​វេច​ខ្ចប់ ១០ ដែលមាន​សមត្ថភាព​ផលិត​បាន ២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ លោក​អគ្គនាយក​សង្ឃឹម​ថា​នៅ​ឆ្នាំ​២០២០ ក្រុមហ៊ុន​នឹង​បង្កើន​បរិមាណ​ផលិតកម្ម​ចេក​ស្រស់​ឲ្យ​ដល់ ៥០០​ពាន់​តោន​ក្នុង​មួយឆ្នាំ​។ ក្រៅពីនេះ​ក៏​នៅមាន​ផលដំណាំ​ស្វាយ ក្រូចថ្លុង ស្រកានាគ និង​ខ្នុ​រ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ជាង ១៥០០០​​នាក់​។​ ​លោក​​អគ្គនាយក​បា​នប​ន្ថែ​ម​ថា​ក្រៅពី​ការងារ​អាជីវកម្ម​ដែលជា​កម្មវត្ថុ​ចម្បង​នៃ​ការវិនិយោគ ក្រុមហ៊ុន​ក៏​គិតគូរ​យកចិត្តទុកដាក់​ផងដែរ​លើ​ការងារ​សង្គម សុខភាព ការអប់រំ លំនៅឋាន​ជូន​បុគ្គលិក​កម្មករ​ផងដែរ​។

​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម​បានបញ្ជាក់​អំ​ពី​ដំណើរការ​នៃ​ការចរចារ​នីតិវិធី បែបបទ​ឯកសារ​ចាំបាច់​សំខាន់ៗ​ទាំង​ច្បាប់​និង​បច្ចេកទេស​ជាពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​ភាគី​ចិន​មុន​ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការនាំ​ចេក​ស្រស់​ចេញ​ជាមួយ​អគ្គនាយកដ្ឋាន​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​ប្រាំបួន ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំ ចេញ​ចេកអំបូង​លឿង​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​។

​លោក​រដ្ឋមន្ត្រី​វេ​ង សាខុន បាន​ចូលរួម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ពុះពារ និង​ជម្នះ​បាន​នូវ​រាល់​បញ្ហា​ប្រឈម​នានា​រហូត​សម្រេចបាន​ជោគជ័យ​។​ លោក​ក៏បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន តាមរយ​:​អគ្គនាយកដ្ឋាន​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​វាយតម្លៃ​លើ​គុណភាព​ចេក​កម្ពុជា​ និង​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​បួន​អាច​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​បន្ថែមទៀត​។ អ្វីដែល​សំខាន់​នោះ​គឺ​នាយកដ្ឋាន​គយ​ចិន​ក៏បាន​វាយតម្លៃ​កន្លែង​វេច​ខ្ចប់​ផ្លែ​ចេក​របស់​ក្រុមហ៊ុន​ថា​មាន​ស្តង់ដារ​គុណភាព និង​សុវត្ថិ​ភាពល្អ​ជាងគេ​ក្នុង​តំបន់​អាស៊ាន​។​

លោក​រដ្ឋមន្ត្រី​បន្តថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​និង​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច​អេ​ (A) ​ដល់ហ្សិត​ (Z)​ តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតផល ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកប ដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ឲ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អាជ្ញាធរខេត្ត ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ធ្វើយ៉ាងណា​ចូលរួម​គាំទ្រ​ និង​ជំរុញ​បរិមាណ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​។​ ក្រុមហ៊ុន​ធ្វើយ៉ាងណា​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុងការ​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សំដៅលើ​អនាម័យ និង​ភូតគាម​អនាម័យ ធ្វើ​យ៉ាង ណា​បង្កើន​ជំនឿ​ទុកចិត្ត​លើ​គុណភាព​និង​សុវត្ថិភាព​នៃ​ផលិតផល​ពី​អតិថិជន​ក្នុង និង​ក្រៅប្រទេស​។ ចំពោះ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវយក ចិត្ត​ទុកដាក់​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ SPS ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ទាន់ពេលវេលា ចៀសវាង​មានការ​យឺតយ៉ាវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ដែលមាន​លទ្ធភាព ពិនិត្យ​និង​ពិចារណា​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​លើ​ការកែច្នៃ វេច​ខ្ចប់​កសិផល​ថែមទៀត ដើម្បី​រួមគ្នា​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ដែល​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​បង្កើន​តម្លៃ បន្ថែម បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​៕

ប្រភព៖ រស្មីកម្ពុជា

;