អ្នកស្រី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយពីរ
- 2019-12-30 04:43:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រី កែ ឡេង ត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយពីរ
ចន្លោះមិនឃើញ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ជូនវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល។ ការបំពាក់ស័ក្តិនេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិស ដៅអនុវត្តបន្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
វីរកីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់ជើងឯកពិភពលោកសារជាថ្មីលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី ក្រោយយកឈ្នះកីឡាការិនីឡាវ Bivilak Thepphkan នៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេងបានយកឈ្នះកីឡាការិនី មីយ៉ាន់ម៉ានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់គ្នារួចមកហើយ គឺ៣លើកមុន កីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសបារាំង ឆ្នាំ២០១៣, បន្ទាប់មកនៅប្រទេសថៃនៅឆ្នាំ២០១៥ នៅប្រទេសចិន ក្នុងឆ្នាំ២០១៧ និងចុងក្រោយនេះនៅឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរចំពោះកីឡាករកម្ពុជានាពេលបច្ចុប្បន្នស្ទើតែគ្រប់វិញ្ញាសារកីឡាទាំងអស់ បានកំពុងរីកចំរើនជាបន្តបន្ទាប់ដោយសារតែ មានការយកចិត្តទុកដាក់ច្រើននិងការទទួលខុសត្រូវខ្ពស់ពីសំណាក់គ្រួបង្វឹកនិងការខិតខំផ្ទាល់របស់កីឡាករ-កីឡាការិនី បើទោះបីកម្ពុជាយើងនៅមានការខ្វះខាត់ខ្លះៗនូវឧបករណ៍សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាល ជាពិសេសបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែវាត្រូវទាមទារឲ្យយើងទាំងអស់គ្នាខិតខំរួមគ្នាដោះ ស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឲ្យវិស័យកីឡានេះកាន់តែរីកចំរើន បន្ថែមទៀត៕