ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងអាចមានការប្រែប្រួល
- 2020-01-09 03:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងអាចមានការប្រែប្រួល
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៩ មករានេះថា យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួលមិនអាចព្យាករណ៍បានឡើយ។ ការជូនដំណឹងនេះ ក្នុងខណៈដែលមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់ បាញ់ផ្លោងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ កាលពីម្សិលមិញនេះ។
ក្រសួងបន្តថា ទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្តី ក្រសួងនឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ថ្ងៃម្តង ដូចអ្វីដែលបានឯកភាពគ្នាអនុវត្តកន្លងមក។
សូមជម្រាបថា តម្លៃលក់រាយប្រេងឥន្ធនៈដែលអនុវត្តពីថ្ងៃទី ០១ ដល់ ១៥ ខែ មករា ដើមឆ្នាំ២០២០ គឺ៖
-ប្រេងសាំងធម្មតា តម្លៃ ៣៧៥០រៀលក្នុងមួយលីត្រ។
-ប្រេងម៉ាស៊ូត តម្លៃ ៣៦៥០រៀលក្នុងមួយលីត្រ៕