សម្តេច ហេង សំរិន៖ អំណាចរបស់សភា ស្ថិតក្នុងតួនាទីត្រួតពិនិត្យលើការសម្រេចចិត្តលើថវិកា
- 2020-01-13 03:30:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហេង សំរិន៖ អំណាចរបស់សភា ស្ថិតក្នុងតួនាទីត្រួតពិនិត្យលើការសម្រេចចិត្តលើថវិកា
ចន្លោះមិនឃើញ
ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានថ្លែងថា អំណាចរបស់សភា ស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយពិភពលោក។ ការថ្លែងនេះ ក្នុងកិច្ចប្រជុំលើកទី២៨នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
សម្តេចបានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការ និងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ។
សូមជម្រាបថា កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។
សម្តេច ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេច បានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព៕