អាជ្ញាធរខេត្តព្រះសីហនុ ព្រមាន​ចាត់វិធានការ​រុះរើតូប​នៅឆ្នេរអូរត្រេះ ដោយមិនទទួលខុសត្រូវ

  • 2020-01-14 01:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ថានឹង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើតូប នៅឆ្នេរអូត្រេះ (អូត្រេះ១ និងអូរត្រេះ២) ដោយមិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​សម្ភារៈ ឬបាត់បង់​ទ្រព្យ​សម្បត្តិរបស់​ប្រជាពលរដ្ឋឡើយ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០។

សូមជម្រាប​ថា រដ្ឋបាល​ខេត្តបាន​ចេញលិខិតជូនដំណឹង​រួចមកហើយ ដោយនឹងមិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​បន្តលក់ដូរ​លើ​ឆ្នេរ​អូរឈើទាល (អតីតអារីស្តុន) និង​ឆ្នេរអូរត្រេះ (អូរត្រេះ១ និងអូរត្រេះ២) តទៅទៀតឡើយ ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ កែលម្អ​សោភ័ណភាព​ឆ្នេរ រក្សាទុកជាឆ្នេរ​សាធារណៈ និង​ជាសម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋខ្មែរ​ទូទៅ​មកទស្សនាកម្សាន្ត។

បើតាមសេចក្តីប្រកាសព័ត៌មាន​ខាងលើ ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​កំពុងលក់ដូរ នៅលើឆ្នេរអូឈើទាល (អតីតអារីស្តុន) បាន​ចូលរួម​សហការ​ជាមួយអាជ្ញាធរ​ដោយបាន​ធ្វើការ​រុះរើ​តូប រោង និង​ស្តង់​លក់ដូរ​របស់ខ្លួន ទាំង១២៦តូប ជាស្ថាពរ​ដោយគ្មានការតវ៉ា និងគ្មាន​បង្ក​អំពើ​ហិង្សាអ្វីឡើយ ព្រមទាំងបាន​ចូលរួម​ធ្វើការ​សម្អាត​ឆ្នេរខ្សាច់វិលមក រកសភាព​ស្រស់ស្អាតឡើងវិញ​ថែមទៀត។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរនៅលើឆ្នេរអូរត្រេះ (អូត្រេះ១ និងអូរត្រេះ២) មួយ​ចំនួន​បានចូលរួម​សហការ​ក្នុងការរុះរើតូប រោង និងស្តង់លក់​របស់ខ្លួនបាន​រួចរាល់ ប៉ុន្តែនៅមាន​ចំនួនទៀត មិនទាន់បានរុះរើនៅឡើយ៕

អត្ថបទ៖ សំភី

;