តើ​លោក ជីវ តាក្វាន់ ធ្លាប់​រៀបរាប់​អ្វី​ខ្លះ​អំពី​ប្រមាត់​ប្រមង់?

  • 2020-01-15 01:22:21
  • ចំនួនមតិ 12 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ


ប្រមាត់​ប្រមង់ គឺ​ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​ធ្លាប់​បាន​ឮ តែ​យ៉ាង​ណា​មិញ​គេ​មិន​សូវ​ដឹង​ប្រវត្តិ​ច្បាស់​ឡើយ​ថា​វា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ថ្ងៃ​នេះ ខ្លីៗ សូម​លើក​យក​ការ​​ព័ណ៌នា​ខ្លះៗ​របស់​លោក ជីវ តាក្វាន់ អំពី​ប្រមាត់​ប្រមង់ ដូច​ខាង​ក្រោម៖

បើ​តាម​កំណត់ហេតុ​របស់​បេសក​ទូត​ចិន​លោក ជីវ តាក្វាន់ បាន​​សរសេរ​រៀបរាប់​​ថា៖ "កាល​ពី​មុន​តែ​ដល់​ខែ​៨ គេ​តែង​ធ្វើ​ការ​ចាប់​មនុស្ស​យក​ប្រមាត់​ ពី​ព្រោះ​ស្ដេច​ក្រុង​ចាម្ប​ក្នុង​១​ឆ្នាំ​គេ​សុំ​យក​ប្រមាត់​មនុស្ស​១​ថូ​ដែល​មាន​​ចំនួន​រាប់​ពាន់។ នៅ​ពេល​យប់​គេ​ចាត់​ពួក​អ្នក​យក​ប្រមាត់ (ប្រមាត់​ប្រមង់) ដើរ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង និង​ក្នុង​ភូមិ។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែ​ចង​ក្បាល​ឲ្យ​ជាប់ ហើយ​​យក​កូន​កាំបិត​ចាក់​ក្រោម​ក្លៀក​ខាង​ស្ដាំ ខ្វេះ​យក​ប្រមាត់​ដាក់​ក្នុង​ថូ​លុះ​ត្រា​តែ​បាន​ចេញ​ចំនួន ទើប​គេ​យក​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម្ប"។

ក្នុង​កំណត់​ហេតុ​នោះ​បាន​បន្ត​ថា៖ "ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​នៃ​ជន​ជាតិ​ចិន​ទេ ពី​ព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ​គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​នឹង​គេ ក៏​បណ្ដាល​ឲ្យ​ស្អុយ​រលួយ​ខូច​ប្រមាត់​នៅ​ក្នុង​ថូ​លែង​ប្រើ​ការ​បាន​ទាំង​អស់ ពេល​ក្រោយ​មក​គេ​លែង​មាន​ការ​ដើរ​ចាប់​យក​ប្រមាត់​ទៀត​ហើយ ហើយ​​គេ​ចាត់​មន្ត្រី​​ដោយ​ឡែក​សម្រាប់​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​អំណាច​ខ្លួន ដែល​តាំង​ឲ្យ​នៅ​ជាយ​ក្រុង​ក្បែរ​ទ្វារ​ខាង​ជើង"។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​១២៩៦ បេសកទូត​ជនជាតិ​ចិន​មួយ​រូប​​ឈ្មោះ ជីវ តាក្វាន់ (ZHOU DAGUAN: 1266-1346) បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​រាជធានី​អង្គរ ហើយ​លោក​បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​កម្ពុជា។ ដោយ​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ឯកសារ​នេះ​ទើប​នា​ឆ្នាំ​១៩៧៣ លោក លី ធាមតេង បាន​ព្យាយាម​បកប្រែ​ឯកសារ​នេះ​មក​ជា​ភាសា​ខ្មែរ ដើម្បី​ទុក​ជា​ឯកសារ​គោល​សំខាន់​មួយ សម្រាប់​ឲ្យ​ជនជាតិ​ខ្មែរ​យល់​ពី​កំណត់​ត្រា​របស់​ជនជាតិ​ចិន​រូប​នេះ៕

ដក​ស្រង់​ចេញ​ពី​ឯកសារ "លី ធាមតេង៖ កំណត់​ហេតុ​របស់​ជីវតាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា ឆ្នាំ​១៩៧៣"

អត្ថបទ៖ ឈាង.

;