ជា​រឿង​នេះ​ពិត ប្រកាស​លក់​ស៊ីក្លូ​មួយ​គ្រឿង​ក្នុង​តម្លៃ​១លាន​ដុល្លារ​អាមេរិក!

  • 2020-01-21 04:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាប់​ជា​ប្រវត្តិសាស្ត្រ​ថ្មី​បំផុត​ហើយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ម្សិលមិញ​នេះ មាន​ការ​បើក​សន្និសីទ​សារព័ត៌មាន​មួយ ប្រកាស​លក់​ស៊ីក្លូ​មួយ​គ្រឿង​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ថត​រឿង "ដើម្បី​កូន" មាន​តម្លៃ​ដល់​ទៅ​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។

គំនិត​នៃ​ការ​លក់​ស៊ីក្លូ​មួយ​គ្រឿង​ខាង​លើ​ជាមួយ​តម្លៃ​១លាន​ដុល្លារ​នេះ លោក ហ៊ុយ យ៉ាឡេង ផលិតករ​រឿង "ដើម្បី​កូន" បញ្ជាក់​ថា លោក​មិន​មែន​លក់​ដើម្បី​យក​មក​ធ្វើ​មាន​បាន​ខ្លួន​ឯង​ទេ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​គឺ​ដើម្បី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ លោក លើក​ឡើង​ថា លោក​បាន​ដឹង​រឿង​ច្បាស់​ពី​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ ក្រោយ​បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ផ្លូវ​ការងារ​មួយ​កាល​ពី​ខែ​មុន។

តាម​ផលិតករ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ទទួល​ព្យាបាល​កុមារ​ក្នុង​មួយ​ថ្ងៃ​ខ្ទង់ ១ពាន់​នាក់ និង​ត្រូវ​ចំណាយ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​ប្រមាណ ៤០លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ តួលេខ​ចំណាយ​នេះ គឺ​ខ្ពស់​ណាស់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មន្ទីរ​ក្ដី​សង្ឃឹម​នៃ​កុមារ​កម្ពុជា​មួយ​នេះ អាច​នឹង​មាន​ហានិភ័យ​គ្រប់​ពេល ហើយ​ត្បិត​ថា មូលនិធិ​ធំ​បំផុត​របស់​មន្ទីរ​ពេទ្យ គឺ​បាន​ពី​ការ​បរិច្ចាគ​របស់​ប្រជាពលរដ្ឋ​ស្វីស ប៉ុន្តែ​លោក​ថា មន្ទីរ​ពេទ្យ​យើង​មិន​អាច​ពឹង​គេ​បែប​នេះ​រហូត​នោះ​ទេ។

ដូច្នេះ​ហើយ ពី​ពេល​នោះ​មក លោក​ចាប់​ផ្ដើម​មាន​កូន​ចិត្ត​មួយ​ថា គួរ​តែ​ដល់​ពេល​ដែល​លោក​គួរ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​មន្ទីរ​ពេទ្យ​នេះ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់។លោក ហ៊ុយ យ៉ាឡេង បន្ត​ថា លោក​បាន​ចាប់​ផ្ដើម​គិត​ថា លោក​គួរ​ធ្វើ​អ្វី​ដើម្បី​អាច​ជួយ​មន្ទីរ​ពេទ្យ​បាន ចុង​ក្រោយ​ទើប​លោក​សម្រេច​ផលិត​រឿង "ដើម្បី​កូន" ជា​ភាពយន្ត​ជីវិត​ពិត ដើម្បី​រក​មូលនិធិ​ខ្លះ​ជួយ​មន្ទីរ​ពេទ្យ។

ហ៊ុយ យ៉ាឡេង ទើប​នឹង​បរិច្ចាគ​ថវិកា​១០០០ដុល្លារ​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ដើម​ខែ និង​គ្រោង​កាត់១០%លើ​ប្រាក់​ចំណេញ​បន្ថែម​ផ្ដល់​ជូន​មូលនិធិ​ទៀត។ ចុង​ក្រោយ​បំផុត ក្នុង​ស្មារតី​ជួយ​គន្ធ​បុប្ផា​ដដែល លោក បាន​ប្រកាស​លក់​ស៊ីក្លូ​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ថត​ភាពយន្ត "ដើម្បី​កូន" របស់​លោក​នេះ។

តាម​ផលិតករ ស៊ីក្លូ​នេះ​ផលិត​ឡើង​ដោយ​ជនជាតិ​បារាំង​ម្នាក់ តាំង​ពី​ឆ្នាំ ១៩៤០ មក​ដល់​បច្ចុប្បន្ន​មាន​អាយុកាល​ចំនួន ៨០​ឆ្នាំ​មក​ហើយ។ លោក​បាន​ទិញ​ស៊ីក្លូ​នេះ ក្នុង​តម្លៃ​ដើម ៥០០​ដុល្លារ​អាមេរិក ហើយ​យក​ថត​ក្នុង​រឿង "ដើម្បី​កូន" របស់​លោក។ ក្រោយ​ថត​ចប់ លោក​បាន​ចំណាយ​ប្រមាណ ៥០០​ដុល្លារ​បន្ថែម​ដើម្បី​តុបតែង​ស៊ីក្លូ​នេះ មុន​ពេល​យក​មក​ប្រកាស​លក់​ក្នុង​តម្លៃ ១លាន​ដុល្លារ​អាមេរិក​នា​ថ្ងៃ​ម្សិលមិញ។

“ស៊ីក្លូ​ហ្នឹង មក​ដល់​សព្វ​ថ្ងៃ​វា​មាន​អាយុ ៨០​ឆ្នាំ​ហើយ ហើយ​សម្រាប់​បរទេស គេ​ឲ្យ​តម្លៃ ព្រោះ​ជា​ដូច​ជា​របស់​បេតិកភណ្ឌ​មួយ ប៉ុន្តែ​សម្រាប់​ខ្មែរ​យើង ខ្ញុំ​មិន​ដឹង​ទេ មិន​ដឹង​ថា​គេ​ឲ្យ​តម្លៃ​ឬ​អត់​ទេ...តែ​ខ្ញុំ​សម្រេច​ធ្វើ​វា​មុន​គេ ដោយ​ដាក់​លក់​១លាន​ដុល្លារ...ខ្ញុំ​ចង់​លក់​ឲ្យ​អ្នក​មាន​លុយ​ទាំង​អស់​នៅ​ស្រុក​ខ្មែរ គឺ ឯកឧត្ដម ឧកញ៉ា ហើយ​លុយ​នេះ​មិន​មែន​បាន​មក​ខ្ញុំ​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​កាន់​កាប់​ស៊ីក្លូ​នេះ ហើយ​បើ​មាន​គេ​ទិញ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ពិធី​ប្រគល់​ឲ្យ​គេ ហើយ​លុយ​លក់​បាន​គឺ​ជា​របស់​គន្ធ​បុប្ផា!”។

អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដដែល បញ្ជាក់​ថា តម្លៃ​១លាន​ដុល្លារ​សម្រាប់​ស៊ីក្លូ​ចាស់​មួយ​គ្រឿង ស្ដាប់​ទៅ​ដូច​ច្រើន​ណាស់ ប៉ុន្តែ​សម្រាប់​គន្ធ​បុប្ផា គឺ​មិន​ច្រើន​ឡើយ ពោល​គឺ​ចំនួន​នេះ អាច​ជួយ​រាប់​រង​ការ​ចំណាយ​បាន​តែ ១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ទៀត​សោត ក៏​មិន​ច្រើន​សម្រាប់​អ្នក​មាន​ខ្លះ​នៅ​ស្រុក​ខ្មែរ​ដែរ។

លោក​លើក​ឡើង​ថា "តាម​ខ្ញុំ​ដឹង អ្នក​មាន​ស្រុក​ខ្មែរ​ខ្លះ...មាន​លុយ​ច្រើន​ណាស់ ខ្លះ​មាន​ដល់​១០០លាន ខ្លះ​ដល់​១ពាន់​លាន​ដុល្លារ ក៏​មាន​ដែរ តែ​សំខាន់ តើ​គេ​ចេញ​មុខ​មក​ជួយ​ឬ​អត់...ជាក់​ស្ដែង​កន្លង​មក យើង​ឃើញ​មាន​អ្នក​ឧកញ៉ា ហុង ពីវ គាត់​គឺ​ជា​វីរបុរស​ពិត​ដែល​គាត់​បាន​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជា​ច្រើន...និយាយ​នេះ មិន​មែន​ចង់​លក់​ឲ្យ​អ្នក​ឧកញ៉ា​ទេ គឺ​ខ្ញុំ​ចង់​រក​វីរបុរស​ថ្មី!”។

នេះ​ជា​ជំនូន​ចុង​ក្រោយ ដែល​លោក​ធ្វើ​សម្រាប់​គន្ធ​បុប្ផា និង​សង្ឃឹម​ថា អ្វី​ៗ​នឹង​អាច​សម្រេច​បាន​ដូច​ការ​គិត​ទុក និងអាច​ជា​ក្ដី​សង្ឃឹម​ថ្មី​មួយ​ទៀត​របស់ "គន្ធ​បុប្ផា"៕

អត្ថបទ៖ ទារិកា

;