មូលនិធិជិត ៩០លានដុល្លារ ត្រូវបានវិនិយោគពាក់ព័ន្ធនឹងការបណ្តុះបណ្តាលបច្ចេកទេសនៅកម្ពុជា

  • 2020-02-11 06:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិសរុបប្រមាណ ៨៨,២៣លានដុល្លាអាមេរិក ត្រូវបានវិនិយោគលើគ្រឹះស្ថាន អប់រំ បណ្តុះ​បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ពីខែកញ្ញា ឆ្នាំ​២០១៩ ដល់ខែតុលា ឆ្នាំ២០២៤ ក្រោមថវិកាកម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ (AFD)។

មូលនិធិនេះ ជាយន្តការមួយដើម្បីជួយជ្រោមជ្រែងក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និង​ទទួលបានទិន្នផលខ្ពស់។ ភ្នាក់ងារអនុវត្តគម្រោង រួមមាន ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និង​កីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយ​កដ្ឋាន​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូល​ដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា អគារសិក្សា អន្តេវាសិកដ្ឋាន រោងជាង ឧបករណ៍ សម្ភារបរិក្ខារ ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​គ្រូ ព្រមទាំងថវិកាបណ្តុះបណ្តាល និងគាំទ្រសកម្មភាពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ គម្រោងនឹងធ្វើការប្រែក្លាយគ្រឹះស្ថាន និងអង្គភាពអនុវត្តគម្រោង ទៅ​ជា​អង្គភាព​ឈាន​មុខ​នៅ​កម្ពុជា ដែលនឹងផលិតបាននូវអ្នកបច្ចេកទេសប្រកបដោយគុណភាព និង​ប្រសិទ្ធភាព​ក្នុង​វិស័យ​អាទិភាព​ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ឬ ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឥតឈប់ឈរ ក៏​ដូច​ជាការចូលរួមកិច្ចសហការពីវិស័យឯកជនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសបើក ស្តីពី “ការអនុវត្តគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង” នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខា​ធិការ​ប្រចាំការ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងផងដែរនោះ លើក​ឡើង​ថា តាមរយៈគម្រោងនេះ នឹងចូលរួមពង្រឹងគុណភាពនៃការផ្គត់ផ្គង់កម្លាំង ពលកម្ម​ជំនាញ​ក្នុង​ឧស្សាហកម្ម​នៃវិស័យអាទិភាពទាំង៤ រួមមាន កម្មន្តសាល សំណង់ អគ្គិសនី និងអេឡិចត្រូនិក។

លើសពីនេះ គម្រោងនឹងចូលរួមពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជំនាញតាមវិស័យ និង​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​ការ អភិវឌ្ឍជំនាញ ដោយផ្តោតលើការផ្តល់ជំនាញថ្មី (Skilling) ការបណ្តុះបណ្តាល ជំនាញ​ឡើងវិញ (Reskilling) និងការបំប៉នជំនាញបន្ថែម (Upskilling) ដល់​កម្លាំង​ពលកម្ម​ដែល​កំពុង​បំពេញ​ការងារ​ទាំង​វិស័យសាធារណៈ និងឯកជន។

ទន្ទឹមនឹងនោះផងដែរ កិច្ចព្រមព្រៀងភាពជាដៃគូរនឹងត្រូវបានបង្កើតរវាងឧស្សាហកម្ម និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល ដើម្បីជំរុញកម្មវិធីការសិក្សា ផ្អែកលើការងារ (Work-Based Learning program) និង​ពង្រីកការអនុវត្តសាកល្បងនូវមូលនិធិអភិវឌ្ឍជំនាញទៅជាយន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

សមាសភាពនៃគម្រោងរួមមាន (១)-ធ្វើឱ្យប្រសើរឡើងនូវគុណភាព និង​ភាព​ឆ្លើយតប​ទៅ​នឹង​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស/ បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (២) លើក​កម្ពស់​កម្មវិធី​សិក្សា​ផ្អែក​លើ ការងារ (Work Based Learning program) ជាមួយដៃគូឧស្សាហកម្ម និង (៣) ពង្រីក​យន្ត​ការ​នៃ​ការផ្តល់ហិរញ្ញប្បទាន TVET ប្រកបដោយនវានុវត្តន៍។

លោក​រដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានសិក្សា ទាំង៥ និង​អង្គភាព​អនុវត្ត​គម្រោង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងនេះ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​សម្រច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​លទ្ធផល​ទាំង ៣របស់​គម្រោង​ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក៏ដូច​ជា​ការចូលរួម​ជំរុញ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​ការ​ប្រែក្លាយ​ទៅ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

អត្ថបទ និងរូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទថ្មី
;