ចេញហើយ Galaxy S20 Ultra ដែលមាន​កាមេរ៉ាមេដល់ទៅ ១០៨MP

  • 2020-02-12 01:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Samsung បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ត្រកូល Galaxy S20 ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Unpacked យប់មិញ ដែល​ត្រកូល S ថ្មី​មាន​ការ​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ​ធំ​លើ​ផ្នែក​កាមេរ៉ា​​ខាង​ក្រោយ និង​ការ​ឌីហ្សាញ​រូបរាង​ផង​ដែរ។

Galaxy S20 មាន​ចែក​ចេញ​ជា​បី​ប្រភេទ​ខុស​គ្នា​ដូច​ដំណឹង​លេច​ធ្លាយ​កន្លង​មក​ដែរ ដែល​ក្នុង​នោះ​មាន​ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra ​ហើយ​វា​មាន​ទាំង​ប្រភេទ 4G និង 5G។

ទាក់ទាញ​ជាង​គេ​គឺ Galaxy S20 Ultra ដែល​មាន​កាមេរ៉ា​មេ​កម្រិត​ដល់ ១០៨MP មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង Aperture f.18។ កាមេរ៉ា​ប្រភេទ Telephoto ដែល​ Samsung ប្រើ​លើ S20 Ultra គឺ​ជា​ប្រភេទ​ឡេន Periscope ដែល​មាន​ទំហំ ៤៨MP អាច​ធ្វើ​ការ​ Zoom បែប​ Hybrid បាន​ដល់ ១០០ ដង ហើយ​វា​ក៏​មាន​នូវ OIS ផង​ដែរ។

កាមេរ៉ា Ultra Wide គឺ​មាន​កម្រិត ១២MP និង​មាន​អម​ដោយ​ប្រព័ន្ធ​កាមេរ៉ា​វាស់​ជម្រៅ​ផង​ដែរ។ ប្រព័ន្ធ​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ​បាន​ 8K ជា​មួយ​មុខងារ Super Steady 2.0 អាច​រក្សា​លំនឹង​បាន​ល្អ​ប្រសើរ​ជាង​មុខ។ វា​ក៏​មាន​មុខងារ Single Take ដែល​អាច​ថត​រូបភាព​ចេញ​ពី​កាមេរ៉ា​ទាំង​អស់​ក្នុង​ពេល​តែ​មួយ និង​ប្រើ AI ដើម្បី​ណែនាំ​រូបភាព​ដែល​គួរ​រក្សា​ទុក​ក្នុង​ចំណោម​រូប​ដែល​បាន​ថត។

ថាមពល​ថ្ម​មាន​ទំហំ​ធំ​ដល់​ទៅ ៥០០០ mAh ធំ​ជាង Galaxy S20 ពីរ​ទៀត ហើយ​វា​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន​លឿន ៤៥វ៉ាត់ ប៉ុន្តែ​ក្នុង​ប្រអប់​មាន​ត្រឹម​ឆ្នាំង​សាក ២៥ វ៉ាត់​ប៉ុណ្ណោះ។ ចំពោះ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​គឺ​មាន​ល្បឿន ១៥វ៉ាត់។

អេក្រង់​មាន​ទំហំ ៦,៩ អ៊ីញ ជា​ប្រភេទ Dynamic AMOLED ហើយ​ទ្រាំទ្រ​នឹង​ការ​បង្ហាញ​បែប HDR10+ ជា​មួយ​កម្រិត​បង្ហាញ​រូបភាព ១៤៤០ ភីកសែល និង​មាន Refresh Rate ល្បឿន ១២០ Hz។ នៅ​ខាង​ក្រោយ​អេក្រង់​គឺ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ប្រភេទ Ultrasonic ផង​ដែរ។

វា​ដំណើរ​ការ​ដោយ​ Snapdragon 865 និង​ទីផ្សារ​មួយ​ចំនួន​ប្រើ​ឈីប Exynos ជំនាន់​ចុង​ក្រោយ ជា​មួយ​ជម្រើស​ RAM ទំហំ ១២GB ឬ ១៦GB និង​អង្គ​ផ្ទុក​ចាប់​ពី ១២៨GB ដល់ ៥១២GB។ វា​ក៏​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​ដើម្បី​បង្កើន​ទំហំ​បាន​សរុប​ដល់ ១,៥TB ឯណោះ។

Galaxy S20 Ultra នឹង​មាន​តម្លៃ​ចាប់​ពី ១ ៣៩៩ ដុល្លារ​សម្រាប់​ប្រភេទ ១២៨GB ហើយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ៦ ខែ​មីនា៕

ប្រភព៖ PhoneArena ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;