តារា​ហូលីវូដ​៨រូប​ស្លាប់​ពេល​ថត​រឿង ត្រូវ​ជំនួស​ដោយបច្ចេកទេសម្យ៉ាង

  • 2020-02-13 04:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​តារា​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ បាន​ស្លាប់​ខណៈ​កំពុង​តែ​ថត​​ភាព​យន្ត ដោយ​សារ​តែ​មិន​មាន​ជម្រើស​ តួអង្គ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​បច្ចេកទេស​ CGI ដើម្បី​ថត​បញ្ចប់​ឈុត​ឆាក​ដែល​ត្រូវ​ការ។

CGI ដែល​ជា​ពាក្យ​ហៅ​កាត់​ពី (Computer-generated imagery) គឺ​ជា​ការ​បង្កើត​រូប​រាង​ ឬចលនា​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូរទ័រ៕

នេះ​ជា​បណ្ដា​តារា​ហូលីវូដ​ដែល​ត្រូវ​គេ​ប្រើ​បច្ចេកទេស​ជំនួស៖

១.​ Brandon Lee (រឿង The Crow, ឆ្នាំ ១៩៩៤)

តារា​សម្ដែង​ Brandon Lee ដែល​ជា​កូន​ប្រុស​របស់​តារា​សម្ដែង Bruce Lee បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ មីនា​ ឆ្នាំ​​ ១៩៩៣ ខណៈ​កំពុង​ថត​រឿង "The Crow”។​ ហេតុ​ការណ៍​នោះ​កើត​ឡើង​ដោយ​សារ​បញ្ហា​បច្ចេកទេស ពេល​តារា​សម្ដែង​ Michael Massee សម្ដែង​ឈុត​បាញ់​​លោក​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​។ ក្រោយ​រឿង​ហេតុ​នេះ​កើត​ឡើង​អ្នក​ដឹក​នាំ​រឿង​លោក​ Alex Proyas បាន​ប្រើ​បច្ចេកទេស​ CGI ដើម្បី​បន្ថែម​ឈុត​ឆាក​ដែល​មិន​ទាន់​បាន​ថត។​​

២. Oliver Reed (រឿង Gladiator, ឆ្នាំ ២០០០)

តារា​សម្ដែង​ Oliver Reed បាន​ទទួល​មរណភាព​ដោយ​សារ​គាំង​បេះ​ដូង​ ខណៈ​ដែល​រឿង​មិន​ទាន់​ថត​ចប់។ អ្នក​ដឹក​នាំ​រឿង​លោក Ridley Scott បាន​ប្រើ​ប្រាស់​តួ​ជំនួស​ម្នាក់​ឲ្យ​សម្ដែង​ជំនួស​លោក​ រួច​ក៏​ប្រើ​បច្ចេកទេស​ CGI ដើម្បី​ថត​បញ្ចប់​ឈុត​ចុង​ក្រោយ​ដែល​លោក​ត្រូវ​សម្ដែង។

៣. Laurence Olivier (រឿង Sky Captain and the World of Tomorrow, ឆ្នាំ ២០០៤)

អ្នក​ដឹក​នាំ​រឿង​នេះ​លោក Kerry Conran ចង់​បាន​តែ​លោក​ Laurence Olivier ម្នាក់​ប៉ុណ្ណោះ​ដើម្បី​ដើរ​តួ​ជា​តួ​ចិត្ត​អាក្រក់​ក្នុង​រឿង “Sky Captain and the World of Tomorrow"។​ ប៉ុន្តែ​តារា​រូប​នេះ​បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​ ១១​ ខែ ​កក្កដា​ ឆ្នាំ ១៩៨៩ ​មក​ម្ល៉េះ​ គឺ​មុន​ពេល​រឿង​នេះ​ត្រូវ​ថត​ដល់​ទៅ​១៣​ឆ្នាំ។ តារា​សម្ដែង​ Jude Law ត្រូវ​បាន​គេ​ជ្រើស​មក​ថត​ជំនួស​ ប៉ុន្តែ​នៅ​ប្រើ​ប្រាស់​រូប​មុខ​របស់​លោក Larence Olivier កាល​ពី​នៅ​ក្មេង​ដដែល​ដោយ​ប្រើ​ CGI។

៤. Marlon Brando (រឿង Superman Returns, ឆ្នាំ ២០០៦)

មុន​ពេល​ថត​រឿង “Superman Returns” កាល​ពី​ឆ្នាំ ២០០៦​ តារា​សម្ដែង​ Marlon Brandon បាន​ស្លាប់​ពីរ​ឆ្នាំ​រួច​មក​ហើយ​។ អ្នក​ដឹក​នាំ​រឿង​លោក Bryan Singer បាន​ប្រើ​ប្រាស់​រូបរាង​​លោក​ Marlon Brandon ពី​ក្នុង​រឿង "Superman" តាំង​ពី​ឆ្នាំ ១៩៧៨ ​និង​កែច្នៃ​ជាមួយ​បច្ចេកទេស​ CGI។​​

៥. Roy Scheider (រឿង Iron Cross, ឆ្នាំ ២០០៩)

ខណៈ​កំពុង​ថត​រឿង "Iron Cross” ជំងឺ​មហារីក​របស់​តារា​សម្ដែង​​ Roy Scheider បាន​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​ ហើយ​ក៏​បាន​ស្លាប់​ពេល​ដែល​រឿង​នេះ​មិន​ទាន់​ថត​ចប់។ អ្នក​ដឹក​នាំ​រឿង​ Joshua Newton ក៏​បាន​ប្រើ​ប្រាស់​បច្ចេកទេស​ CGI ដូច​គ្នា​ដើម្បី​ថត​ឈុត​ឆាក​ដែល​ទាម​ទារ​ឲ្យ​លោក​ Roy Scheider សម្ដែង។

៦. Paul Walker (រឿង Fast & Furious 7, ឆ្នាំ ២០១៥)

តារា​សម្ដែង​ Paul Walker បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ ២០១៣ ពេល​កំពុង​តែ​​ថត​រឿង "Fast & Furious 7” ។ ដើម្បី​ថត​តួអង្គ​ដែល​លោក​សម្ដែង​បាន​ តារា​សម្ដែង Cody Walker ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បាន​សម្ដែង​ឈុត​ឆាក​ទាំង​អស់​ដែល​នៅ​សល់ ហើយ​កែច្នៃ​ជា​ Paul ដោយ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ។​

៧. Philip Seymour Hoffman (រឿង The Hunger Games:Mockingjay – Part 2, ឆ្នាំ ២០១៥)

តារា​សម្ដែង Philip Seymour Hoffman បាន​ស្លាប់​ដោយ​សារ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ ២០១៤ ដូច្នេះ​ហើយ​តួអង្គ​របស់​លោក​ត្រូវ​បាន​គេ​ប្រើ​បច្ចេកទេស​ CGI ស្ទើរ​តែ​ទាំង​ស្រុង​ដើម្បី​ថត​រឿង "The Hunger Games:Mockingjay - Part2”។

៨. Peter Cushing (រឿង Rogue One, ឆ្នាំ ២០១៦)

តារា​សម្ដែង Peter Cushing ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​បច្ចេកទេស​ CGI ផង​ដែរ​ដើម្បី​ថត​ឈុត​ឆាក​ដែល​លោក​ត្រូវ​សម្ដែង​ក្នុង​រឿង​ "Rogue One” ដោយ​សារ​លោក​បាន​ទទួល​មរណភាព​តាំង​ពី​ឆ្នាំ ១៩៩៤​មក​ម្ល៉េះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ ធារ៉ូ

អត្ថបទថ្មី
;